Uncategorized

មេទ័ពព្រះវិហារជំរុញកងកម្លាំងត្រៀមប្រចាំដើម្បីអន្តរាគមន៍ជួយពលរដ្ឋ

 

​​ព្រះវិហារ​៖​ឧត្ដមសេនីយ៍ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​បាន​ជំរុញ​ដល់​កម្លាំង​គ្រប់​បណ្ដា​កងឯកភាព​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ទាំងអស់ ត្រូវ​ត្រៀមកម្លាំង​ជាប្រចាំ ដើម្បី​អន្តរាគមន៍​ចុះជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​ជួប​ហានិភ័យ និង​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​យថាហេតុ​ណាមួយ​។

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ការងារ​យោធា​សន្តិសុខ​ប្រចាំ​ខែសីហា និង​ដាក់ចេញ​ទិសដៅ​អនុវត្តន៍​បន្តការងារ​យោធា​សន្តិសុខ​ប្រចាំ​កញ្ញា ឆ្នាំ​២០២០ នៅ​ទីបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ដោយ​លោក​មេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ទាំងអស់ ត្រូវខិតខំ​បំពេញភារកិច្ច​តាម​ផ្នែក​ឱ្យបាន​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ត្រូវ​រក្សា​ភាពស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ។​ត្រូវគោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិន័យ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងៗ​ផងដែរ​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា បាន​បញ្ជាក់ថា ក្នុងនាម​ជា​យោធិន​ត្រូវ​បន្ត​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា និង​ក្ដាប់​សភាព​ការ​ផ្ទៃក្នុង និង​ក្រៅ​តំបន់​ដែល​ខ្លួន​ទទួលខុសត្រូវ និង​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់លើ​ប្រគល់ជូន ហើយក៏​ត្រូវមាន​ការលើក​ស្ទួយ​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​កង​ទ័ព​ជាប្រចាំ និង​ត្រៀមកម្លាំង មធ្យោបាយ ក៏ដូចជា​សម្ភារ​គ្រប់​ប្រភេទ​ដើម្បី​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ ដែល​បង្កឡើង​ដោយ​កត្តា​មនុស្ស ឬ​ធម្មជាតិ នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​ឱ្យបានរ​ហ័ស ទាន់ពេលវេលា​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *