Uncategorized

សាខាសាលាផ្សព្វផ្សាយនិងការបណ្ដុះបណ្ដាលស្ដីពីបែបបទក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក

 

​ខេត្តក្រចេះ​៖​នៅ​ថ្ងៃទី​២៦​និង​២៧​ខែសីហា​ឆ្នាំ​២០២០​ន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ការបណ្ដុះបណ្ដាល​សេចក្តីណែនាំ ស្ដីពី​បែបបទ និង​នីតិវិធី​នៃ​ការផ្ដល់សេវា​រដ្ឋបាល ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​នៅ​ខេត្តក្រចេះ រយៈពេល​២​ថ្ងៃ​។ សិក្ខាកាម​អញ្ជើញ​ចូលរួម​ចំនួន ៥ ខេត្ត រួមមាន ៖ ខេត្តក្រចេះ​,​កំពង់ចាម​,​ត្បូងឃ្មុំ​,​ស្ទឹងត្រែង​,​និង​កំពង់ធំ សរុប​ប្រមាណ​ជាង ១៥០​នាក់ ។
​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក សួន រចនា រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មាការ​ដឹកនាំ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មានការ ចូលរួម​ពី​លោក ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង លោក​គង់ គឹម​នី អភិបាលរង​ខេត្ត ។​

​លោក សួន រចនា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍​គូសបញ្ជាក់ថា ៖ នេះ​គឺជា​ឱកាស​ឲ្យ​មានការ​ពី​ភា​ក្សា និង​ពិគ្រោះ​យោបល់​ក្នុងចំណោម​តួអង្គ​ពាក់ព័ន្ធ​នានា ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ។​ដើម្បី​ឈានទៅ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព គុណភាព​ភាព ជា​តំណាង គណនេយ្យភាព និង​តម្លាភាព​ស្របតាម​ការប្ដេជ្ញា​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៦​នេះ​បន្ត​ជំរុញ​ការងារ​កំណែទម្រង់ វិមជ្ឈការ​និង​វិសហមជ្ឈការ​ដែលជា​ស្នូល​នៃ​កំណែទម្រង់​អភិបាលកិច្ច ។​

​ទន្ទឹមនឹង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​១​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ ២០២០​នេះ រាជរដ្ឋាភិបាល​បាន​កំពុង​រៀបចំ​កម្មវិធី​ជាតិ​ដំណាក់កាល​ទី ២ ( ២០២១-២០៣០ ) បន្តទៀត ។​ដើម្បី​ពង្រឹង​និង​ពង្រីក​ការអនុវត្ត​គោលនយោបាយ វិមជ្ឈការ​និង​វិសហមជ្ឈការ ដូច​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤​របស់​រាជរដ្ឋាភិបាល ។​សំដៅ​លើកកម្ពស់​គុណភាព​ជីវិត​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរឡើង ក្នុង​គោលបំណង​រួមចំណែក​សម្រេច​ឱ្យបាន គោលដៅ​ប្រែក្លាយ​កម្ពុជា ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅក្នុង​ឆ្នាំ ២០៣០​។​

​សិក្ខាសាលា​នៅពេលនេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ដោយ​ក្រុមការងារ​បច្ចេកទេស​មុខ​ងារ នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ស្ដីពី ៖ -​បែបបទ​នៃ​នីតិវិធី នៃ​ការផ្ដល់សេវា​រដ្ឋបាល​ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​នៅ​រដ្ឋបាល​រាជធានី​ខេត្ត -​ការចុះបញ្ជី​នាវា​។ ការវាស់វែង និង​ការ​គណនា ។​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​ទឹក ។​ការធ្វើ​នាវាចរណ៍ ប្រកបដោយ​សុវត្ថិភាព​តាមផ្លូវ​ទន្លេ ។​ការចុះអនុវត្ត​ជាក់ស្ដែង ៖ ការវាស់វែង និង​ការ​គណនា​ចំណុះ​ផ្ទុក​នាវា នៅ​កំពង់ផែ​ផ្សារ​ក្រោម និង​ការពិភាក្សា​សំណួរចម្លើយ​ផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *