ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ដែលគេស្គាល់រហ័សនាម”គ្រូតឿ” ត្រូវបាននគរបាលខេត្តកណ្ដាលហៅមកសួរនាំធ្វើកិច្ចសន្យាអប់រំ

(កណ្ដាល)៖ បុរសម្នាក់ដែលគេស្គាល់រហ័សនាម «គ្រូតឿ» ដែលតែងតែបង្ហោះវីដេអូមិនសមរម្យនៅតាមបណ្ដាញសង្គម Facebook នាំឲ្យមានការរិះគន់នោះ ត្រូវបានកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហៅមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់សារពត៌មាន PLAnewsអោយដឹងថា សកម្មភាពរបស់បុគ្គលម្នាក់នេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម។ ជាពិសេសវីដេអូមួយដែលនាំឲ្យមានការរិះគន់ខ្លាំង គឺបុរសម្នាក់នេះ និងបក្ខពួក នាំគ្នាហូបអាចម៍គោ ដែលជាសកម្មភាពមិនសមរម្យ និងប៉ះពាល់ដល់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបង្ហាញថាហាក់ដូចប្រជាពលរដ្ឋគ្មានបាយហូប។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ការហៅបុគ្គលនេះមកសួរនាំ គឺចង់ឲ្យបុគ្គលម្នាក់បញ្ជាក់អំពីមូលហេតុ នៃការបង្ហោះវីដេអូបែបនេះនៅតាមបណ្ដាញសង្គម។ បន្ទាប់ពីបញ្ចប់ការសួរនាំ សមត្ថកិច្ចបានឲ្យ «គ្រូតឿ» នេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងសុំទោសជាសាធារណៈចំពោះសកម្មភាពខុសឆ្គងរបស់រូបគេ និងបក្ខពួកប៉ុន្មាននាក់ទៀត។

សូមជម្រាបថា បុរសម្នាក់នេះ ដែលគេស្គាល់ឈ្មោះ «គ្រូតឿ» និងមានគណនី Facebook «គ្រូតឿ» និងកូនសិស្សប៉ុន្មាននាក់ទៀត តែងតែបង្ហោះវីដេអូប្លែកៗនៅតាមបណ្ដាញសង្គម ហើយចុងក្រោយនេះ បានបង្ហោះវីដេអូហូបអាចម៍គោ នាំឲ្យផ្ទុះការរិះគន់ជាបន្ដបន្ទាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *