ភ្នំពេញ៖រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានចុះធ្វើរដ្ឋបាលពិនិត្យទីតាំងអាជីវកម្មម៉ាស្សាយីហោ“ជីនលីហ័រ” និងសណ្ឋាគារ“ម៉ាន់សឺគ័ង”សង្ស័យថា មានបង្កប់សេវាកម្មបម្រើផ្លូវភេទ។
មន្តី្រចុះអនុវត្តបានឱ្យដឹងថា ទីតាំងដែលត្រូវពិនិត្យនោះស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យនិងសណ្ឋាគារយីហោ“ម៉ាន់សឺគ័ង”នៅតាមផ្លូវ១១១ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។
ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះបានពិនិត្យទីតាំងអាជីវកម្មម៉ាស្សាយីហោ“ជីនលីហ័រ”ជាលទ្ធផលឃើញផុតសុពលភាពច្បាប់អនុញ្ញាតធ្វើអាជីវកម្មនិងសណ្ឋាគារ“ម៉ាន់សឺគ័ង”ក៏ផុតសុពលភាពច្បាប់អនុញ្ញាតធ្វើអាជីវកម្មដែរ។ករណីនេះក្រោយឃើញវីដេអូដែលគេចែកចាយតាមហ្វេសប៊ុកនោះត្រូវគេសង្ស័យថា ទីតាំងខាងលើនេះមានបង្កប់សេវាបម្រើផ្លូវភេទ។
សមត្ថកិច្ចក៏បានឆែកឆេរតាមបន្ទប់រកឃើញមានឧបករណ៍ពាក់ព័ន្ធលេងល្បែងស៊ីសងដោយរឹបអូសយកទៅរក្សាទុកហើយបានបិទអាជីវកម្មទាំង២ទីតាំងនោះជាបណ្ដោះអាសន្ន៕