ព័ត៌មានសន្តិសុខសង្គម

ផ្ទះចំនួន២និងរថយន្តទំនើប១គ្រឿង ត្រូវភ្លើងឆេះអស់គ្មានសល់

ភ្នំពេញ៖អគ្គិភ័យបានកើតឡើងសង្ស័យកើតពីឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យផ្ទះចំនួន២ល្វែងដែលលក់អីវ៉ាន់ចាប់ហួយនិងផ្ទះមួយទៀតមានរថយន្តទំនើបត្រូវឆេះអស់គ្មានសល់។
គ្រោះអគ្គិសភ័យនេះបានកើតឡើងនៅតាមផ្លូវ KS01 ផ្ទះលេខ ២១៧ និងលេខ២១៩ ក្នុងបុរីពិភពថ្មី កួរស្រូវ៣ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ កាលពីម៉ោងជាង១រំលងអធ្រាត្រចូលថ្ងៃទី៣ ខែមីនាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ដំបូងគេឃើញមានផ្សែងហុយចេញពីផ្ទះលេខ២១៩ជាផ្ទះលក់អីវ៉ាន់ចាប់ហួយ រួចក៏ចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឱ្យខូចខាតសម្ភារអស់ទាំងស្រុង។ក្រោយមកភ្លើងក៏ឆេះរាលដាលដល់ផ្ទះមួយល្វែងទៀតដោយបានឆាបឆេះរថយន្តទំនើបម៉ាក Hilux Vigoផ្លាកលេខ ភ្នំពេញ 2BN-0902 ចតនៅក្នុងផ្ទះបណ្តាលឆេះខ្ទេចទាំងស្រុង។
ភ្លាមនោះៗ កម្លាំងខាងសន្តិសុខបុរី បាននាំគ្នាមកជួយបាញ់ពន្លត់ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ជាច្រើន បំពង់ និងបានប្រើរថយន្តដឹកទឹកប្រចាំការក្នុងបុរី១គ្រឿងទៀតទើបភ្លើងរលត់នៅរំលងអធ្រាត្រថ្ងៃដដែល។ករណីនេះមិនបណ្ដាលឱ្យរងគ្រោះថ្នាក់ដល់មនុស្សទេ។ក្នុងគ្រោះអគ្គិសភ័យដែលបង្កមហន្តរាយគេមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយព្រោះសមត្ថកិច្ចកំពុងចុះពិនិត្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *