ព្រះវិហារ៖លំនៅស្ថានរបស់ប្រជាពលរដ្ឋចំនួន៣ភូមិជាប់និងព្រំដែនប្រទេសឡាវក្នុងឃុំកំពង់ស្រឡៅស្រុកឆែបខេត្តព្រះវិហារបានទទួលការយកចិត្តទុកដាក់ពីមន្ត្រីសុខាភិបាលខេត្ត។ក្នុងយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសនិងដាក់ថ្នាំអាល់បែតតាមពាងទឹកអាងទឹកដើម្បីការពារពីជំងឺគ្រុនឈាមនិងជំងឺគ្រុនឈីក។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះថា៖ដោយទទួលបានព័ត៌មានស្តីពីការរាតត្បាតនៃជំងឺគ្រុនឈីក,ជំងឺគ្រុនឈាមនៅភូមិសួងភូមិកំពង់ព្រះឥន្ធនិងភូមិកំពង់សាមីក្នុងឃុំកំពង់ស្រឡៅស្រុកឆែបជាប់និងព្រំដែនឡាវ,។
កាលពីទី២១ខែកក្កដាលោកបានដឹកនាំមន្ត្រីសុខាភិបាលចុះពិនិត្យសកម្មភាពការបាញ់ថ្នាំសម្លាប់មូសនិងដាក់ថ្នាំអាល់បែតតាមពាងទឹកអាងទឹកប្រជាពលរដ្ឋទាំង៣ភូមិដើម្បីទប់ស្កាត់ការរាត្បាតនៃជំងឺគ្រុនឈីកនិងជំងឺគ្រុនឈាមនេះ។
ជាមួយគ្នានេះលោកប្រធានមន្ទីរសុខាភិបាលក៏បានអប់រំសុខភាពដល់ប្រជាពលរដ្ឋឲ្យរក្សាអនាម័យជាប់ជានិច្ចក្នុងការរស់នៅ។ទន្ទឹមនឹងនោះបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសម្អាតអនាម័យបរិស្ថានជុំវិញផ្ទះគឺត្រូវលុបក្រលុកសំបកកង់ឡានកង់ម៉ូតូចាស់ៗឫក៏សំបកកំប៉ុងដែលអាចដក់ទឹកបានដើម្បីការពារកុំឱ្យសត្វមូសបង្កកំណើតបាន។
លោកវេជ្ជបណ្ឌិតគួងឡូបានបញ្ជាក់ថាក្នុងនាមមន្ទីរសុខាភិបាលខេត្តព្រះវិហារលោកនឹងតាមដានមើលថាតើមួយអាទិត្យក្រោយបន្ទាប់ពីបានចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនិងដាក់ថ្នាំអាល់បែតតាមពាងទឹកអាងទឹកតាមផ្ទះរបស់ប្រជាពលរដ្ឋតើជំងឺគ្រុនឈីកមានការថយចុះទេ?បើសិនមានការថយចុះយើងនឹងបន្តចុះអប់រំទៀត។
ប៉ុន្តែបើសិនជាជំងឺគ្រុនឈីកគ្រុនឈាមមិនថយចុះទេមន្ទីរសុខាភិបាលខេត្តនឹងធ្វើយុទ្ធនាការមួយទៀតគឺសហការជាមួយយុវជនស.ស.យ.ករបស់មន្ទីរសុខាភិបាលយុវជនកាកបាទក្រហមកម្ពុជានិងយុវជនស.ស.យ.កស្រុកឆែបចុះដើរសម្អាតតាមផ្ទះប្រជាពលរដ្ឋប្រមូលវត្ថុចាស់ៗដែលដក់ទឹកកប់ចោលតែម្តង។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការពារខ្លួនជានិច្ច កុំឲ្យកើតជំងឺកូវីដ១៩។ ដែលវិធានការការពារដ៏មានប្រសិទ្ធិភាពនោះគឺត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលមន្ទីរសុខាភិបាលខេត្ត៕