ភ្នំពេញៈនៅរសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យជនជាតិខ្មែរម្នាក់និងជនជាតិវៀតណាមម្នាក់ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទម្ងន់ជិត២គីឡូក្រាមទៅតុលាការដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមុនដំបូងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញឹម គឹមលៀង អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ។នៅចំណុចខាងមុខសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ផ្លូវ២៥៧សង្កាត់ទឹកល្អក់០១ខណ្ឌទួលគោកខណៈជនសង្ស័យធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនផាសអាប់។
ពេលឆែកឆេរត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន១កញ្ចប់ធំស្មើនឹងទម្ងន់១.០០០.៧៤ក្រាមនិងមធ្យោបាយដឹកជញ្ជូនផាសអាប់១គ្រឿង។នៅថ្ងៃដដែលកម្លាំងក៏បានបន្តស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបចាប់ខ្លួនជនសង្ស័យម្នាក់ទៀតជាជនជាតិវៀតណាmឈ្មោះសុខចន្ថាភេទប្រុសអាយុ៥៧ឆ្នាំប្រកបមុខរបររត់ផាសអាប់នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
ពេលត្រួតពិនិត្យ សមត្ថកិច្ចរកឃើញដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកក១កញ្ចប់ថង់ធំ ស្មើនឹងទម្ងន់៩២៩.៨៤ក្រាមនិងមធ្យោបាយដឹកជញ្ជូនផាសអាប់១គ្រឿង។ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចំនួន២រូប គឺលោក ឡុង ជាប និងលោក សឿ ឡងឌី៕