ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋខ្មែរជាច្រើន សម្រុកចូលមកទឹកដីខ្លួនវិញ បន្ទាប់ពីបិទព្រំដែន ១៤ ថ្ងៃ

បន្ទាយមានជ័យ៖តាមព្រំដែនកម្ពុជា-ថៃកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ពលករខ្មែរជាច្រើនសម្រុកចូលមកទឹកដីខ្លួនវិញបន្ទាប់ពីបិទព្រំដែន១៤ថ្ងៃ។កម្លាំងចម្រុះតាមបន្ទាត់ព្រំដែន និងក្រុមគ្រូពេទ្យកំពុងទទួលពួកគាត់ និងរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ មុនបញ្ជូនទៅធ្វើចត្តាឡីស័ក។
កម្លាំងយោធាបានយកចិត្តទុកដាក់ជួយដល់ពលករខ្មែរ ដែលកំពុងធ្វើដំណើរចូលទឹកដីប្រទេសវិញយ៉ាងច្រើននេះ។ ប៉ុន្តែក្រុមគ្រូពេទ្យ អនុវត្តវិធានសុខាភិបាល ត្រូវតែយកសំណាកគ្រប់ៗគ្នា។លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បាននិងកំពុងសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងទ័ពឈុតខ្មៅថៃ រៀបចំបញ្ជូនពលករខ្មែរ នៅម្ខាងព្រំដែន ទទួលពួកគាត់មកត្រួតពិនិត្យសុខភាព មុនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាន ជួបពិភាក្សាកិច្ចការងារមួយចំនួនជាមួយ លោកអភិបាលខេត្តស្រះកែវ ប្រទេសថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។ក្នុងជំនួបពិភាក្សាជាមួយ លោកអភិបាលខេត្តស្រះកែវផ្តោតលើចំណុចសំខាន់មួយចំនួន។
លោក អ៊ុំ រាត្រី ស្នើសុំខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្របសម្រួលដោះស្រាយបញ្ហាបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ ស្នើសុំកុំឱ្យមានការបញ្ជូនបងប្អូនមកជាកំហុក មានបញ្ហាអ្វីសូមផ្តល់ព័ត៌មានបន្ទាន់មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលបងប្អូន តាមវិធានសុខាភិបាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *