Uncategorized

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារបឹងកេងកង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មានយើង ទទួលបាន។

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្នុងរាជធានីភ្នំពេញ ដែលមានករណីវិជ្ជមានកើតឡើងថ្មី ក្នុងចំណោមបុគ្គលិក កម្មករ និងអាជីវករ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១»

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យសន្ដិសុខ បុគ្គលិក-កម្មការ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ដ្រីជំនាញ និងមន្ដ្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គណៈកម្មការផ្សារបឹងកេងកង ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ដ្រីជំនាញ និងមន្ដ្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *