Uncategorized

អាជ្ញាធរផ្ដល់ប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លីជាង១ពាន់គ្រួសារនៅតំបន់ព្រំដែន

 

​ប៉ៃលិន​៖​អាជ្ញាធរខេត្ត​ប៉ៃលិន​ផ្តល់​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ដីធ្លី​ជាង​១.០០០​ក្បាលដី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ដើម្បី​ប្រើប្រាស់​ត្រឹមត្រូវ​ស្របច្បាប់​។​ក្នុង​ពិធី​ចែក​វិ​ញ្ញាប​ន​ប័ត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​និង​មោឃភាព​នៃ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ជូន​ដល់​ពលរដ្ឋ​ចំនួន​៤​ភូមិ​ក្នុង​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​នៅ​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​នេះ​។​
​លោក​សូ​សុខុន​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា​៖​ការចែក​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​សម្រាប់​ប្រជាពលរដ្ឋ​នៅពេលនេះ​ចំណាយពេល​វេលា​ធ្វើឡើង​ជាច្រើន​ខែ​ក្នុងការ​ប្រកាស​តំបន់​វិនិឆ្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​ទាំង​ការចុះវាស់វែង​ប្រមូល​ទិន្នន័យ​បំបែក​ក្បាលដី​សរុប​លើ​ឯកសារ​និង​ការប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​រយៈពេល​១៥​ថ្ងៃ រហូត​បញ្ចប់​ការដោះស្រាយ​ដោយ​ជោគជ័យ និង​មាន​សមភាព​។​

​លោក​ផាន់​ចាន់​ធុល​អភិបាលខេត្ត​ប៉ៃលិន​បានលើកឡើង​ដែរ​ថា​៖​បងប្អូន​ប្រជាពលរដ្ឋ​បន្ទាប់ពី​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​គ្រប់គ្រង​នៅក្នុង​ដៃ​ហើយ​ត្រូវ​ចេះ​ថែរក្សា​ទុកដាក់​ឱ្យ​បានគ​ង់​វង្ស​។​ជៀសវាង​ការបាត់បង់​ពីព្រោះ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ​ជា​ឯកសារ​ដ៏​មាន​សារៈសំខាន់​ដែល​បានបញ្ជាក់​ពី​ភាពស្របច្បាប់​។​មិនតែប៉ុណ្ណោះ​វា​ធានាបាន​នូវ​សុវត្ថិភាព​ដីធ្លី​រៀងៗ​ខ្លួន​ប្រកបដោយ​ភាពជាក់លាក់​ម្យ៉ាងទៀត​វា​អាច​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៀត​តាម​តម្រូវការ​ចាំបាច់​។​
លោក​ផាន់​ចាន់​ធុល​បាន​បន្តថា​៖​ប័ណ្ណ​សម្គាល់​ខាងលើ​អាចនិយាយបាន​ថា​វា​ជា​អាយុជីវិត​ជា​មាសប្រាក់ ដែល​យើង​អាច​យកទៅ​ប្រើប្រាស់​បាន​លើ​រូបភាព​ផ្សេងៗ​ដើម្បី​ទាញយក​ប្រយោជន៍​សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​

​លោក​អភិបាលខេត្ត​ប៉ៃលិន​បញ្ជាក់​បន្ថែមថា​៖​ការចែក​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដំណាក់កាល​នេះ​សរុប​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ មាន​ភូមិ​ស្ទឹង​កាច់ ភូមិ​ក្ងោក ភូមិ​រថក្រោះ​ឆេះ​និង​ភូមិ​តា​ង៉ែ​ន​ក្រោម ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។ ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ចំនួន ១.០៣៧​គ្រួសារ ស្មើនឹង ១.០៣៧​ក្បាលដី​។​ក្នុងនោះ​ដី​លំនៅស្ថាន​មាន​ចំនួន ៧៣៦​ក្បាលដី និង​ដី​កសិកម្ម​សរុប​ចំនួន ៣៣៨​ក្បាលដី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *