មណ្ឌលគិរី៖ សមាគមកាយប្ញទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននិងកំពុងយកចិត្តទុកដាក់នៅ ក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពលទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គមការសិក្សា និងបណ្ដុះនូវភាពជាអ្នកដឹកនាដល់ពួកគេ។ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមកាយប្ញទ្ធិនារីកម្ពុជា បានរៀបចំការបោះជំរុំដ៏ធំប្រចាំឆ្នាំរយៈពេល ៤ថ្ងៃនៅខេត្តមណ្ឌលគិរី។
ការបោះជំរុំដ៏ធំប្រចាំឆ្នាំ២០២៤នេះ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ធ្វើឡើងក្រោមប្រធានបទ៖ «យុវតីយើង អនាគតអ្នកដឹកនាំយើង» ចាប់ពីថ្ងៃទី៣១ខែតុលា ដល់ ថ្ងៃទី៣ ខែវិច្ឆិកា នៅក្នុងខេត្តមណ្ឌលគិរី។ ការបោះជំរុំដ៏ធំប្រចាំឆ្នាំនេះ មានការជួបជុំសមាជិការបស់សមាគមកាយប្ញទ្ធិនារីទាំង៦សាខា រួមមាន៖ សាខាក្រុងភ្នំពេញ,ខេត្តកណ្ដាល,ខេត្តបាត់ដំបង,ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី។
ថ្ងៃទី១៖នៃការបោះជំរុំប្រចាំឆ្នាំ២០២៤ របស់សមាគម កាយប្ញទ្ធិនារីកម្ពុជា គណៈកម្មការសមាគមបានដឹកនាំក្រុមការងារស្ម័គ្រចិត្ត ទាំងសមាជិកាគាំទ្រ និងសមាជិកាសកម្ម ព្រមទាំងមានការចូលរួមជួយកម្លាំងស្ម័គ្រចិត្តនៃកាយប្ញទ្ធិជាតិប្រចាំខេត្តមណ្ឌលគិរី បានរៀបចំទីតាំងបោះជំរុំ ព្រមទាំងដំឡើងតង់ស្នាក់នៅសម្រាប់ប្អូនៗ កុមារី និងយុវតី ដែលជាសមាជិកាសកម្មរបស់សមាគមដែលបានចូលរួមបោះជំរុំនាពេលនេះ។
ការបោះជំរំប្រចាំឆ្នាំនេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើនក្នុងការតម្រង់ទិស កុមារី និងយុវតី ដែលជាអនាគតអ្នកដឹកនាំនៅក្នុងសង្គម ព្រមទាំងមានរៀបចំនូវសកម្មភាពជួយសង្គម និងសកម្មភាពកម្សាន្តសប្បាយជាច្រើនដែលបង្កប់នូវចំណេះដឹងនិងការអប់រំសម្រាប់ប្អុនៗផងដែរ។ សកម្មភាពសំខាន់ៗ នៅថ្ងៃទី១ក្នុងទីលានជំរុំ ប្អូនៗ កុមារី និងយុវតី ទទួលបានការតម្រង់ទិសពីគ្រូបង្គោល នូវវិន័យ និងបទបញ្ជាដែលអនុវត្តក្នុងជំរំ ការអប់រំចិត្តព្រមទាំងបង្ហាត់បង្រៀនប្អូនៗ ទាក់ទងនឹងការដមឡើងតង់ស្នាក់ក្នុងជំរុំ។
ដោយឡែកពិធីបើកជំរុំប្រចាំឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែវិច្ឆិកា ក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា។ គួរជម្រាបថា នាល្ងាចថ្ងៃទី ៣១ ខែតុលាលោកជំទាវអគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ក៏បានអញ្ជើញចុះ ពិនិត្យមើលទីតាំងជំរុំ ព្រម ទាំងបានសំណេះសំណាលជាមួយប្អូនៗសមាជិកាទាំង៦សាខា ដែលចូលរួមបោះជំរុំនាពេលនេះ៕