ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០រដ្ឋបាលស្រុកជ័យសែនបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំង៦ឃុំទូទាំងស្រុកក៏ដូចជាប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗ។សេចក្តីជូនដំណឹងនេះឱ្យពលរដ្ឋបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដើរចាប់សត្វកណ្តូបនិងទិញសត្វកណ្តូបនៅក្នុងស្រែរបស់ប្រជាពលរដ្ឋដែលបណ្តាលឱ្យខូចខាតដំណាំស្រូវកំពុងតែលូតលាស់បម្រុងទទួលផលផ្លែផ្កា។
បើនៅតែមិនបញ្ឈប់សកម្មភាពនេះទេនឹងត្រូវទទួលការផាកពិន័យយ៉ាងធ្ងន់ធ្ងរមិនលើកលែងឡើយ។
នៅក្នុងសេចក្តីជូនដំណឹងនៃរដ្ឋបាលស្រុកជ័យសែនបានឱ្យដឹងទៀតថាៈដើម្បីការពារដំណាំស្រូវរបស់ប្រជាពលរដ្ឋនិងការពារសុវត្ថិភាពរបស់អ្នកប្រកបរបរចាប់សត្វកណ្តូបឫទិញសត្វកណ្តូបគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សូមធ្វើការណែនាំដូចខាងក្រោម៖
ទី១៖សូមឱ្យបញ្ឈប់ការចាប់សត្វកណ្តូបនៅតាមទីវាលស្រែរបស់ប្រជាពលរដ្ឋដែលមានទីតាំងនៅក្រុមហ៊ុនចិន។ទី២៖ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនឹងចុះល្បាតជាប្រចាំ
។ទី៣៖នៅពេលក្រុមការងារចុះអនុវត្តន៍លើលិខិតជូនដំណឹងខាងលើនេះនឹងមានការផាកពិន័យដូចជា៖ ចាប់បានម៉ូតូ១គ្រឿង ត្រូវផាកពិនយ័ជាប្រាក់២០ម៉ឺនរៀល, ចាប់បានគោយន្តកន្ត្រៃយ៍១គ្រឿង ត្រូវផាកពិនយ័ជាប្រាក់២លានរៀល, ចាប់បានរថយន្ត១គ្រឿងត្រូវផាកពិន័យ២លានរៀលផងដែរ។
ពាក់ព័ន្ធករណីនេះលោករស់ហេងអភិបាលស្រុកជយ័សែនបានបញ្ជាក់ឱ្យដឹងថាៈវិធានការរបស់រដ្ឋបាលស្រុកដែលឱ្យអ្នកប្រកបរបរចាប់សត្វកណ្តូបនិងអ្នកទិញសត្វកណ្តូបបញ្ឈប់សកម្មភាពនេះដោយសារមានសំណូមពររបស់ប្រជាពលរដ្ឋជាម្ចាស់ដំណាំស្រូវប្តឹងអាជ្ញាធរភូមិឃុំស្រុកនិងកងកម្លាំងឱ្យជួយអន្តរាគមន៍ណែនាំនិងបញ្ឈប់ការចាប់សត្វកណ្តូបនៅតាមវាលស្រែរបស់ពួកគាត់ដែលបណ្តាលឱ្យខូចខាតដំណាំស្រូវជាច្រើន។
ជាមួយគ្នានេះអភិបាលស្រុកជ័យសែនក៏បានអង្វករនិងសុំការយោគយល់អធ្យាស្រ័យពីអ្នកប្រកបរបរចាប់សត្វកណ្តូបផង ដោយលោកលើកឡើងថា យើងចាប់សត្វកណ្តូបដើម្បីលក់យកលុយ ។ចំណែកអ្នកដាំស្រូវក៏ចង់បានផល ចុះបើយើងចង់បានលុយដោយការបំផ្លាញដំណាំរបស់គេ សួរថាយុត្តិធម៌ដែរទេ? យើងក៏ចង់បាន ចំណែកគេក៏ចង់បានដូចគ្នា៕