សារព័ត៌មានអន្តរជាតិ៖ សារព័ត៌មានReuters បានផ្សាយថាកាលពីថ្ងៃអង្គារទី២២ ខែតុលា ក្រុមមន្រ្តីទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូងអាចនឹងពិចារណាផ្គត់ផ្គង់អាវុធ ដោយផ្ទាល់ឱ្យទៅអ៊ុយក្រែន ដើម្បីជាផ្នែកមួយនៃចំណាត់ការឆ្លើយតប ចំពោះទំនាក់ទំនងយោធារវាងកូរ៉េខាងជើងនិងរុស្ស៉ី។ ក្រោយបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងអំពីការបញ្ជូនកងទ័ពឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានអះអាងថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងកម្លាំងពិសេសចំនួន១.៥០០នាក់ឱ្យទៅហ្វឹកហាត់និងសម្របខ្លួននៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ហើយក្នុងពេលឆាប់ៗកងកម្លាំងទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់សមរភូមិមុខក្នុងសង្រ្គាមអ៊ុយក្រែន។
ក្រុមមន្រ្តីនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងសេអ៊ូលកំពុងរៀបចំចំណាត់ការការទូត សេដ្ឋកិច្ច និងយោធា សម្រាប់សេណារីយ៉ូផ្សេងៗគ្នា នៃកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូ។ ក្នុងនោះរួមមានទាំង ការផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធសម្រាប់ប្រយុទ្ធតែម្តង ប្រសិនបើស្ថានការណ៍កាន់តែដុនដាបខ្លាំង។កូរ៉េខាងត្បូង ដែលលេចមុខជាប្រទេសផលិតសព្វាវុធដ៏ឈានមុខមួយ នៅលើពិភពលោក បានស្ថិតក្រោមសម្ពាធពីសំណាក់ប្រទេសលោកខាងលិចមួយចំនួន ព្រមទាំងទីក្រុងកៀវផ្ទាល់ ឱ្យផ្តល់សព្វាវុធសម្រាប់ប្រយុទ្ធដល់អ៊ុយក្រែន។ ប៉ុន្តែមកទល់ពេលនេះ ទីក្រុងសេអ៊ូលបានផ្តោតតែលើជំនួយសម្ភារយោធាមិនសម្រាប់ប្រយុទ្ធប៉ុណ្ណោះ រួមមានបរិក្ខារដោះគ្រាប់មីន ជាដើម៕