Uncategorized

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ រក្សា ការពារសន្តិសុខសណ្ដាប់ធ្នាប់ ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់កែបខែកក្កដា

 

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្ត បានប្រជុំបូកសរុបការងារលទ្ធផលកិច្ចសហប្រតិបត្តិការ រក្សា ការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរងផែនការងារជំនាញ លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាលស្រុក.ក្រុង ចូលរួមផងដែរ។

លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យសរុប-វិភាគ បានឡើងអានរបាយការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការ ប្រចាំខែមិថុនា ដែលក្នុងនោះ បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន០៨លើ២២លើក ថយចុះ១៤លើក បណ្តាលឲ្យរងរបួសមនុស្ស០១នាក់ និងរងគ្រោះចំនួន ០៨នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋមានចំនួន ០៣លើក លួចមានស្ថានទម្ងន់ទោស ០១លើក រំលោភសេពសន្ថវៈ ០១លើក និងឃាតកម្ម ០១លើក បទល្មើសមជ្ឈិម មានចំនួន ០៥លើក លួច ០៤លើក អំពើហឹង្សាចេតនា ០១លើក ចំពោះករណីទាំងអស់នេះ សមត្ថកិច្ចធ្វើការបង្ក្រាបបានចំនួន ០៨លើក ឃាត់ខ្លួនចំនួន ០៩នាក់ ក្នុងនោះ ០៤ករណី មនុស្ស០៤នាក់ មានផ្ទុកសារធាតុញៀន។ បទល្មើសគ្រឿងញៀន បង្ក្រាបបាន២២លើ២៣លើក ថយចុះ០១លើក ឃាត់ខ្លួនមនុស្ស៤៦នាក់ ស្រី០៤នាក់ ក្នុងនោះករណីជួញដូរ ចែកចាយ ចំនួន០៩ករណី ឃាត់ខ្លួន ២២នាក់ ស្រី០៤នាក់ ករណីប្រើប្រាស់១៣ករណី ឃាត់ខ្លួន២៤នាក់ប្រុស ។ បង្ក្រាបតាមដីកា ០១ករណី ឃាត់ខ្លួន០១នាក់ ក្នុងកិច្ចការបង្ក្រាបសមត្ថកិច្ចដកហូតវត្ថុតាង មានម្សៅក្រាមពណ៌សថ្លា ចំនួន៦៨កញ្ចប់ ទម្ងន់១៥២,៤៨ក្រាម ថ្នាំគ្រាប់ផ្កាឈូកលាយស ចំនួន៤០គ្រាប់ មិនស្គាល់ប្រភេទ កញ្ឆាក្រៀមមួយកញ្ចប់ និងសម្ភារៈមួយចំនួនទៀត លើករណីទាំង២២ករណី សមត្ថកិច្ចប្រើប្រាស់វិធានការច្បាប់ចំនួន២២នាក់ ស្រី០៤នាក់ បញ្ជូនទៅសាលាដំបូងខេត្ត និងប្រើប្រាស់វិធានការរដ្ឋបាល២៤នាក់ប្រុស ត្រូវបានធ្វើកិច្ចសន្យាអប់រំ ។ បង្ក្រាបបទល្មើសល្បែងស៊ីសង បានចំនួន០៦លើ០៤លើក កើនឡើង០២លើក ឃាត់ខ្លួនមនុស្សចំនួន០៩នាក់ ស្រី០៧នាក់ ក្នុងនោះបៀ ចំនួន០៣ករណី ខ្លាឃ្លោកចំនួន០២ករណី ជល់មាន់០១ករណី សមត្ថកិច្ចបានប្រើប្រាស់វិធានការរដ្ឋបាល ធ្វើកិច្ចសន្យាអប់រំ ។ បង្ក្រាបករណីក្មេងទំនើង ចំនួន០៩លើក ឃាត់ខ្លួនបានមនុស្ស២៤នាក់ ប្រើប្រាស់វិធានការរដ្ឋបាលចំនួន១៧នាក់ ធ្វើកិច្ចសន្យាអប់រំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល និងនៅអធិការដ្ឋាននគរបាលស្រុក.ក្រុង និងប្រើប្រាស់វិធានការច្បាប់ចំនួន០៧នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៣លើ០៩លើក ថយចុះ០៦លលើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន០៣នាក់ របួស០៣នាក់ ។

លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា លោកមានការសរសើរចំពោះការខិតខំប្រឹងប្រែង របស់កងកម្លាំងនៅតាមមូលដ្ឋាន ក៏ដូចជាកម្លាំងនៃការិយាល័យជំនាញ លើការងារសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឲ្យការថយចុះ ទន្ទឹមនេះ គ្រប់បណ្តាផែនការងារជំនាញ អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចបន្ថែមទៀត ដើម្បីសំដៅកាត់បន្ថយអាត្រាបទល្មើស ឲ្យមកនៅកម្រិតទាបបំផុត បន្តអនុវត្តនីតិវិធីបង្រ្កាបបទល្មើសដែលនៅសេសសល់ និងពង្រឹងការងាររក្សា ការពារ សន្តិសុខក្នុងមូលដ្ឋាន ជម្រុញការអនុវត្តជាប្រចាំលើការងារបង្ក្រាប ករណីគ្រឿងញៀន សកម្មភាពក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ ត្រួតពិនិត្យទីតាំងបម្រើសេវាកម្ម ល្បែងស៊ីសងអនឡាញ ដែលមិនមានអាជ្ញាបណ្ណត្រឹមត្រូវ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យស្វែងយល់កាន់តែច្បាស់នូវផលវិបាកនៃ ការប្រព្រឹត្តិល្បែងស៊ីសង ។ ធ្វើបច្ចុប្បន្នភាពមុខសញ្ញាតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប មុខសញ្ញាសេសសល់ក្នុងករណី មុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួន ពិរុទ្ធជន ទណ្ឌិតក្នុងពន្ធនាគារ មុខសញ្ញាព្យួរទោស និងមុខសញ្ញាអនុវត្តទោសរួច បន្ស៊ីបញ្ចូលគ្នា រវាងមុខសញ្ញាព្រហ្មទណ្ឌ គ្រឿងញៀន និងក្មេងទំនើង បម្រើឲ្យការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើស ។ ធ្វើបច្ចុប្បន្នភាព តម្លើងបញ្ជីគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំរបស់គ្រប់ប្រភេទ បន្តការផ្សពវផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព សហហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ស្ថាប័នរដ្ឋ និងវិស័យឯកជន ធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន តាមដានត្រួតពិនិត្យអប់រំ និងកែលម្អវិន័យ សីលធម៌ និងមនសិការវិជ្ជាជីវៈ របស់មន្ត្រីនគរបាល ធ្វើការលើកទឹកចិត្ត ផ្តល់បណ្ណសរសើរ ចំពោះមន្ត្រីអនុវត្តការងារបានល្អ និងមានស្នាដៃ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *