(ពោធិ៍សាត់) : ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ និងប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ចំនួន៣រូប ដែលទទួលបានជ័យលាភីសិស្សពូកែទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ លើមុខវិជ្ជាគណិតវិទ្យា, រូបវិទ្យា ថ្នាក់ទី១២ និងចំណាត់ថ្នាក់លេខ៤ លើមុខវិជ្ជារូបវិទ្យា ថ្នាក់ទី៩ ក្នុងខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវិទ្យាល័យពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត
មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្តីទី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់លិខិតសរសើរ និងរង្វាន់លើកទឹកចិត្ត ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ចំនួន៣រូប មកពីវិទ្យាល័យពោធិ៍សាត់ និងអនុវិទ្យាល័យពោធិ៍សាត់ រួមមាន៖
ទី១៖ សិស្សឈ្មោះ លឹម ប៉លី ភេទប្រុស ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យា ថ្នាក់ទី១២ ទទួលបានលិខិតសរសើរ១ និងម៉ូតូ Honda Dream 2024 មួយគ្រឿង។
ទី២៖ សិស្សឈ្មោះ រស់ សេរីឧស្សាហ៍ ភេទប្រុស ចំណាត់ថ្នាក់លេខ១ ផ្នែករូបវិទ្យា ថ្នាក់ទី១២ ទទួលបានលិខិតសរសើរ១ និងម៉ូតូ Honda Dream 2024 មួយគ្រឿង។
ទី៣៖ សិស្សឈ្មោះ រស់ សិរីហ្ការីស្សា ភេទស្រី ចំណាត់ថ្នាក់លេខ៤ ផ្នែករូបវិទ្យា ថ្នាក់ទី៩ ទទួលបានលិខិតសរសើរ១ និងម៉ូតូ Honda Wav 2024 មួយគ្រឿង និងបានដង្ហែក្បួនអបអរសាទរ ជុំវិញក្រុងពោធិ៍សាត់ផងដែរ៕