Uncategorized

កម្លាំងជលផលខេត្តព្រះវិហារចុះបង្ក្រាបបទល្មើសនេសាទតាមកម្មវិធីSmart tools

 

​ខេត្តព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២០​លោក ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថាៈ​ពេញ​មួយខែ​វិច្ឆិកា​ឆ្នាំ​២០២០​នេះ​មាន​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ចំនួន​២០​ករណី​វត្ថុតាង​មួយចំនួន​ត្រូវបាន​បង្ក្រាប​និង​រឹបអូស​នៅតាម​ដងស្ទឹង​សែន​។​
​ប្រធាន​មន្ទីរ​រូ​នេះ​បានឱ្យដឹង​ទៀតថាៈ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​មន្ត្រី​ខណ្ឌ​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​សហការ​ជាមួយ​មន្ត្រីនគរបាល​មូលដ្ឋាន​ចុះ​ធ្វើ​អធិការកិច្ច​ត្រួតពិនិត្យ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ជលផល​នៅតាម​ដងស្ទឹង​សែន​។​ក្នុងនោះ​ធ្វើ​អង្កេត​លើ​ឧបករណ៍​នេសាទ​ដោយ​ប្រើប្រាស់​តាម​កម្មវិធី​SMART TOOLS​។​

​លោក ពឹង​ទ្រី​ដា​បាន​បន្តថាៈ​ជា​លទ្ធផល​បាន​រកឃើញ​ឧបករណ៍​នេសាទ​មាន​លក្ខណ​ស្របច្បាប់​ចំនួន ១៤២​ឧបករណ៍​ស្មើនឹង​៣៨​ករណី​និង​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ចំនួន​២២​ឧបករណ៍​ស្មើនឹង​២០​ករណី​រួមមាន​៖​ឧបករណ៍​ដាយ​ត្រី​១​គ្រឿង​ប្រវែង​៧​ម៉ែត្រ​,​ឧបករណ៍​លប​កន្ទុយ​ចំនួន​២​គ្រឿង​ប្រវែង​៣៤​ម៉ែត្រ​,​ឧបករណ៍​ឆក់​ត្រី​៦​គ្រឿង​,​ឧបករណ៍​របាំង​រាវ​ព្រួល​និង​លូ​ស្បៃ​មុង​ចំនួន​១៤​មាត់​(​របាំង​រាវ​និង​លូ​ស្បៃ​មុង​ប្រវែង​៣៩០​ម៉ែត្រ​។​បង្គោល​ចំរឹង​ឫស្សី​៦៥​ដើម​និង​ប្រលែង​កូន​ត្រី​ចម្រុះ​១២​គីឡូក្រាម​។​

​លោក ពឹង​ទ្រី​ដា​បាន​បញ្ជាក់ថាៈ​ចំពោះ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ទាំងនោះ​ត្រូវបាន​ដកហូត និង​យកទៅ​កម្ទេចចោល​។​ជាមួយគ្នានេះដែរ​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ពិសេស​ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​នេសាទ​ត្រី​ត្រូវ​ចូលរួម​ថែរក្សា​ធនធាន​មច្ឆជាតិ​ឱ្យបាន​គង់វង្ស​ដោយ​ឈប់​ប្រើ​ឧបករណ៍​ខុសច្បាប់​គ្រប់​ប្រភេទ​ដែល​ធ្វើឱ្យ​ពូជ​ត្រី​ឆាប់​បាត់បង់​និង​ធ្វើឱ្យ​ខ្លួន​យើង​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ទៀតផង​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *