កំពង់ឆ្នាំង៖កម្លាំងសមត្ថកិច្ចកាលពីថ្ងៃទី៨ ខែមករាបានចាប់ជនសង្ស័យម្នាក់ ករណីកាប់កូនប្រសា៩ពូថៅបណ្តាលឱ្យស្លាប់ ហើយបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
មន្ត្រីនគរបាលបានឱ្យដឹងថា អំពើឃាតកម្មនោះបានកើតឡើង នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ជនសង្ស័យឈ្មោះ ស៊ឹម សុខគា អាយុ៥៦ឆ្នាំ។ រីឯជនរងគ្រោះឈ្មោះ ឯក សីហា អាយុ២១ឆ្នាំជាអ្នកលក់ដូរ រស់នៅភូមិឃុំខាងលើ។
មុនកើតហេតុ ជនរងគ្រោះបានទៅរកទិញទឹកត្នោតជូរ និងបាននាំអ្នកភូមិសាច់ញាតិប្រហែល ៤ទៅ៥នាក់អង្គុយផឹក និងច្រៀងលេងក្រោមដើមស្វាយក្បែរផ្ទះ។តាំងពីថ្ងៃរហូតមកដល់ប្រហែលម៉ោង៧យប់។ជនរងគ្រោះបានឈ្លោះប្រកែកគ្នានឹងបុរសម្នាក់ ត្រូវជាសាច់ថ្លៃនៅកន្លែងផឹកស៊ី។
បន្ទាប់មកស្រ្តីដែលជាម្តាយក្មេក និងប្រពន្ធក៏បានបំបែកគូទំនាស់ចេញ។ចំណែកអ្នកភូមិដែលបានចូលរួមផឹកស៊ីជាមួយ ក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួន។នៅសល់តែជនរងគ្រោះស្រវឹងដេកតែម្នាក់ឯងនៅនឹងកន្លែងផឹកស៊ី។ពេលនោះជនរងគ្រោះនៅបន្តឈ្លោះជាមួយឪពុកក្មេកក្រោយមកក៏ស្ងាត់ទៅវិញ។
ខណៈនោះប្រពន្ធជនរងគ្រោះ សង្ស័យក៏ដើរមកមើលស្រាប់តែឃើញប្តីដេកស្លាប់លើគ្រែផ្អើលឆោឡោរាយការណ៍ទៅសម្ថកិច្ច។រីឯជនសង្ស័យបន្ទាប់ពីកាប់កូនប្រសាស្លាប់ហើយ បានរត់គេចខ្លួនទុកពូថៅនៅនឹងកន្លែងកើតហេតុ។សមត្ថកិច្ចក៏តាមចាប់ខ្លួនបាន ហើយជនសង្ស័យបានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះចំនួន ៩ពូថៅមូលហេតុទប់អារម្មណ៍មិនបាន នៅពេលកូនប្រសាជេរប្រមាថ មើលងាយសំដីធ្ងន់ៗមកលើខ្លួន ៕