ភ្នំពេញ៖ម្ចាស់ផ្ទះបានចាក់សោ ហើយចេញទៅរកស៊ីបាត់អស់ ត្រូវភ្លើងឆាបឆេះផ្ទះទាំងទ្រព្យសម្បត្តិអស់គ្មានសល់។ហេតុការណ៍នេះបានកើតឡើង នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី៨ ខែមករា។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា អគ្គិភ័យបានឆេះផ្ទះមួយខ្នងសាងសង់ពីថ្ម ជាមួយទ្រព្យសម្បតិ្តអស់គ្មានសល់។ម្ចាស់ផ្ទះឈ្មោះហុល ណាវី ភេទប្រុសអាយុ៤៦ឆ្នាំអ្នកលក់ដូរ។មុនកើតហេតុម្ចាស់បានចាក់សោផ្ទះហើយចេញទៅលក់ដូរបាត់អស់។នៅពេលមានអគ្គិភ័យឆាបឆេះគឺម្ចាស់ផ្ទះមិនបាននៅនោះទេ។
ពេលភ្លើងកំពុងឆេះកម្លាំងអាជ្ញាធរ បានចុះទៅអន្តរាគមន៍ជួយពន្លត់ និងមានរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ បានចេញជួយបាញ់ទឹកពន្លត់។ ភ្លើងបានរលត់ទៅវិញបណ្តាលឱ្យ ខូចខាតផ្ទះ១ខ្នងទាំងស្រុង តែមិនមានរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា មកពីឆ្លងចរន្តអគ្គិសនី។រីឯទំហំនៃការខួចខាត មន្ត្រីអាជ្ញាធរកំពុងសាកសូរ៕