ព័ត៌មានសន្តិសុខសង្គម

អ្នកចិញ្ចឹមសត្វខេត្តកំពង់ឆ្នាំង សូមឱ្យក្រសួងពាក់ព័ន្ធ ជួយទប់ស្កាត់ការលួចនាំសាច់បង្កកចូល

កំពង់ឆ្នាំង៖អ្នកចិញ្ចឹមសត្វក្នុងខេត្តកំពង់ឆ្នាំង បានសុំឱ្យក្រសួងពាក់ព័ន្ធជួយទប់ស្កាត់ និងចាត់វិធានការ ករណីឈ្មួញលួចនាំសាច់បង្កក ពីខាងក្រៅចូលធ្វើឱ្យតម្លៃសាច់សត្វក្នុងស្រុកធ្លាក់ចុះធ្វើឱ្យពួកគាត់ខាតបង់ថវិកាជាច្រើន ។
ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វបានឱ្យដឹងថា សព្វថ្ងៃអ្នកលក់សាច់ជ្រូក សាច់គោ បានជួបការលំបាកពីតម្លៃធ្លាក់ចុះ ធ្វើឱ្យពួកគាត់ខាតបង់ថវិកាជាច្រើន ។ខ្លះចង់បោះបង់ការចិញ្ជឹម និងលក់កសិដ្ឋានរបស់ខ្លួន ព្រោះមិនអាចទប់ទល់និងប្រាក់ចងការ យកដើមមកបើកអាជីវកម្មចិញ្ចឹមសត្វបន្តទៀត។
ម្ចាស់កសិដ្ឋានចិញ្ជឹមជ្រូក និងគោនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រាប់ហាក់អស់សង្ឃឹមថា តម្លៃជ្រូករស់លក់សព្វថ្ងៃនេះតម្លៃតែ៦ពាន់រៀល ក្នុង១គីឡូក្រាម គឺថោកខ្លាំងណាស់ ។បើគិតតម្លៃដែលអ្នកចិញ្ជឹមជ្រូកអាចចំណេញបានខ្លះគឺពីជាង៨ពាន់ទៅ៩ពាន់រៀលក្នុង១គីឡូក្រាម។បើជ្រូក១ក្បាលមានទម្ងន់ជាង១០០គីឡូក្រាម អ្នកចិញ្ជឹមជ្រូកត្រូវខាតអស់ជាង៤០ម៉ឺនរៀល។
ចំណែកគោវិញក៏ដូចគ្នា តម្លៃទិញចូលមកចិញ្ចឹមបំប៉នយកសាច់១គីឡូក្រាម ថ្លៃ១ម៉ឺន២ពាន់រៀល បច្ចុប្បន្នតម្លៃលក់ចេញតែ៧ពាន់រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម។ក្នុងនោះតម្លៃចំណីជ្រូកវិញ កូនជ្រូកទើបចាប់ផ្តើមចិញ្ចឹម១ការ៉ុង ១ម៉ឺន៥ពាន់រៀល។ចំណីកូនធំបន្តិច១ការ៉ុងថ្លៃ១ម៉ឹន២ពាន់រៀល និងចំណីឱ្យស៊ីរហូតដល់ធំចាប់លក់១ការ៉ុង ៦ម៉ឺន៥ពាន់រៀល។បើគិតពីចិញ្ចឹមរហូតចាប់លក់ក្នុងទម្ងន់១០០គីឡូជ្រូក១ក្បាលស៊ីអស់៦ការ៉ុង។
អ្នកចិញ្ចឹមសត្វបានលើកឡើងពីមូលហេតុ ដែលនាំឱ្យតម្លៃសាច់សត្វធ្លាក់ចុះថា គឺដោយសារការលួចនាំចូលសាច់បង្កកច្រើនពេក ហើយទ្រង់ទ្រាញនាំចូលដោយសម្រុកទៀតផង។ហេតុនេះហើយម្ចាស់កសិដ្ឋានស្នើសុំក្រសួងកសិកម្ម ជួយចាត់វិធានការលើការ លួចនាំចូលសាច់បង្កកចូល ក្នុងស្រុកឱ្យបានហ្មត់ចត់ផង។
ជុំវិញបញ្ហាខាងលើ លោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា កត្តាសាច់ចុះថោកវាជាតម្លៃទីផ្សាររួមទូទាំងប្រទេស មិនសំដៅដោយសារតែសាច់បង្កកនាំចូលពីប្រទេសជិតខាងទេ។ គួបផ្សំនឹងមានការចិញ្ចឹមច្រើន នៅទូទាំងប្រទេសសាច់ជ្រូករស់មួយគីឡូក្រាម៦.២០០រៀល និងសាច់គោរស់មួយគីឡូក្រាមជាង៧ពាន់រៀលជាទូទៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *