ប៉ៃលិន៖សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានចុះឃាត់រថយន្តដឹកទំនិញមួយគ្រឿងសង្ស័យបង់ពន្ធមិនបានត្រឹមត្រូវតាមគោលការណ៍។រថយន្តចេញពីគោលដៅច្រកអន្តរជាតិខេត្តបាត់ដំបងចូលចែកចាយទីផ្សារក្នុងខេត្តប៉ៃលិន។ករណីនេះដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងបានចុះឃាត់រថយន្តដឹកទំនិញរបស់ឈ្មួញមួយគ្រឿងនៅត្រង់ចំណុចភូមិបរឌិននៀវសង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិនកាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០ ។
ម្ចាស់ទំនិញឈ្មោះច្រឹកកុយភេទប្រុសអាយុ៤៥ឆ្នាំនៅភូមិបរឌិននៀវសង្កាត់ប៉ៃលិននិងឈ្មោះលុចចន្ថាភេទប្រុសអាយុ៣៦ឆ្នាំជាអាជីវករនៅភូមិអូរតាពុក្រោមសង្កាត់ទួលល្វាបានឱ្យដឹងដូចៗគ្នាថា៖ការនាំទំនិញចេញពីច្រកទ្វារអន្តរជាតិដូងខេត្តបាត់ដំបងនេះដើម្បីយកទៅលក់ចែកចាយនៅក្នុងទីផ្សារខេត្តប៉ៃលិន។ទំនិញខាងលើបានបង់ពន្ធជូនគយច្រកទ្វារអន្តរជាតិដូងរួចរាល់អស់ហើយ។រីឯខាងគយនិងរដ្ឋាករសាខាខេត្តប៉ៃលិនលោកបានបង់ជូនត្រឹមតែថ្លៃបាយទឹកប៉ុណ្ណោះ។តែបើបង់ច្រើនកន្លែងគឺមិនបានចំណេញឡើយ។
ម្ចាស់ទំនិញបានបន្តថា៖កាលពីច្រកទ្វារអន្តរជាតិព្រំនៅបើកដំណើរការលោកបាននាំទំនិញដឹកតាមម៉ូតូ។ពេលនោះលោកបានបង់ជូនទៅឱ្យខាងនគរបាលសេដ្ឋកិច្ចក្រសួងជាប្រចាំមិនហ៊ានគេចវេះឡើយ។លុះមានការផ្លាស់ប្តូរតួនាទីថ្មីលោកមិនដឹងទៅបង់ឯណារហូតមកដល់ពេលនេះស្រាប់តែសមត្ថកិច្ចចុះចាប់រថយន្តរបស់ពួកគាត់តែម្តង។ ទំនិញដែលសមត្ថកិច្ចឃាត់មាននំកញ្ចប់ ចាហួយ មី ទឹកក្រូច សាប៊ូ និងប្រេងឆា។
លោកឆមម៉េតប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តប៉ៃលិនបានឱ្យដឹងថា៖ខាងលោកកំពុងធ្វើការសាកសួរម្ចាស់ទំនិញនិងម្ចាស់រថយន្តតាមបទបញ្ជាព្រោះមានការសង្ស័យល្មើសច្បាប់សេដ្ឋកិច្ច។ចំណែកលោកគង់ច័ន្ទខេមរិទ្ធព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនបានបញ្ជាក់ដែរថា៖ករណីនេះលោកកំពុងឱ្យនគរបាលសេដ្ឋកិច្ចរៀបចំធ្វើរបាយការណ៍មួយរួចបញ្ជូនទៅកាន់សាខាគយនិងរដ្ឋាករដើម្បីត្រួតពិនិត្យមើលរួមគ្នា។ចំពោះមុខទាំងទំនិញក៏ដូចជារថយន្តត្រូវបានបញ្ជូនត្រឡប់ពីគយសាខាខេត្តយកទៅរក្សាទុកជានៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនជាបណ្តោះអាសន្ន៕