ព្រះវិហារ៖កម្លាំងសមត្ថកិច្ចមូលដ្ឋានរួមមានផ្នែករដ្ឋបាលព្រៃឈើឆែបសហការជាមួយអាវុធហត្ថ,នគរបាលប៉ុស្តិ៍រដ្ឋបាល,នគរបាលស្រុក,បានរឹបអូសឈើអារដែលឈ្មួញបានដឹកជញ្ជូនយកមកទម្លាក់ទុកនៅមុខផ្ទះប្រជាពលរដ្ឋ។ការរឹបអូសនេះបានធ្វើឡើងនៅក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែបខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី១៦កក្កដាឆ្នាំ២០២០។
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆែបបានឱ្យដឹងថាក្រោយទទួលដំណឹងពីប្រជាពលរដ្ឋមកកម្លាំងសមត្ថកិច្ចស្រុកក្រោយទទួលបានបញ្ជាពីរដ្ឋបាលស្រុកឆែបលោកសុខសាន្តតារ៉ានោះរួចមកនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារលោកនួនសុខុមបានឱ្យលោកសេងលាងនាយផ្នែករដ្ឋបាលព្រៃឈើឆែបដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅកាន់ចំណុចនោះនិងដកហូតយកឈើ ទាំងនោះ។
មន្ត្រីដដែលបានបន្តថាក្រោយដកហូតឈើទាំងនោះត្រូវសមត្ថកិច្ចដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឆែប។ក្រោយការរាប់និងវាស់វែងរួចឃើញថាឈើដែលដកហូតបាននៅក្នុងពេលនោះគឺជាឈើស្រឡៅប្រភេទលេខ១មានចំនួន៧៦សន្លឹកស្មើនឹង៣ម៉ែត្រគូប១២៧៕