ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលខេត្តសៀមរាប បង្ក្រាបនិងចាប់ខ្លួនក្រុមឆបោកប្តូលុយក្លែងក្លាយ ចំនួន៦នាក់និងរថយន្ត២គ្រឿង

(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប សម្រេចចិត្តផ្ទុះអាវុធដើម្បីឈានទៅបង្ក្រាបក្រុមឆបោកប្ដូរលុយក្លែងក្លាយ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយចាប់ខ្លួនបានជនសង្ស័យ៦នាក់ ជាមួយលុយដុល្លារក្លែងក្លាយជាច្រើនសន្លឹក និងរថយន្ដដែលជិះធ្វើសកម្មភាពចំនួន២គ្រឿង។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបណ្ដាញព័ត៌មានPLAnews ទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលជំនាញ បានទទួលសេចក្ដីរាយការណ៍ពីជនរងគ្រោះម្នាក់ រស់នៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ដោយអះអាងថា មានជនសង្ស័យមួយក្រុម បានឆបោកលុយរបស់គាត់ ដោយប្រើរូបភាពយកលុយដុល្លារ ចំនួន៥០០០ដុល្លារ ប្ដូរយកលុយបាត ១៧៧,៥០០បាត ដោយឲ្យជនរងគ្រោះចំណេញ៤០ភាគរយ។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញបានចេញប្រតិបត្តិការភ្លាមៗ ដើម្បីតាមបង្ក្រាប ប៉ុន្ដែពេលនោះក្រុមជនសង្ស័យបានដឹងខ្លួន និងបើករថយន្តសំដៅមកបុកកម្លាំងសមត្ថកិច្ច ធ្វើឲ្យខូចខាតម៉ូតូ ចំនួន១គ្រឿង ទើបពេលនោះកម្លាំងបានបាញ់ការពារខ្លួន ដោយបាញ់ទៅលើកង់រថយន្តជនសង្ស័យចំនួន២គ្រាប់ នៅត្រង់ចំណុចខាងកើតសណ្ឋាគារសុខា ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បន្ទាប់មកក្រុមជនសង្ស័យ បានបើករថយន្តគេចខ្លួន រហូតដល់ចំណុចមុខផ្សារពួក ក៏ត្រូវកម្លាំងសហការជាមួយកម្លាំងនគរបាលអធិការស្រុកពួក និងកម្លាំងអន្តរាគមន៍ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ និងរថយន្ត២គ្រឿង។

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យ ទើបកម្លាំងជំនាញដឹងថា មុខសញ្ញាខាងលើនេះ ជាមុខសញ្ញាចាស់ដែលកម្លាំងកំពុងស្វែងរកចាប់ខ្លួន។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *