ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការក្រោយរកឃើញសពនៅក្រោយផ្ទះ

 

រតនគិរី៖សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធអំពើឃាតកម្ម ដោយផឹកស៊ីជាមួយមិត្តភក្តិរួចបាត់ខ្លួនមួយយប់ បន្ទាប់ពីរកឃើញសពក្នុងចម្ការនៅក្រោយផ្ទះ ហើយត្រៀមបញ្ជូនទៅតុលាការ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣។ សមត្ថកិច្ចបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះសឿន ប៉េងហោង ហៅទូច អាយុ៣៥ឆ្នាំនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ចំណែកជនសង្ស័យឈ្មោះណុប ណាវីតហៅប៉េស អាយុ២៥ឆ្នាំនៅភូមិឃុំជាមួយគ្នា។

ប្រពន្ធអ្នកស្លាប់បានឱ្យដឹងថា ក្រោយពីបាត់ប្តីមួយយប់នាងបានតាមរកក៏ឃើញសាកសពប្ដីនៅក្នុងចម្ការដំឡូងក្រោយផ្ទះមិត្តភក្តិដែលផឹកស៊ីជាមួយ ហើយបានប្តឹងសមត្ថកិច្ចឱ្យចុះពិនិត្យ។ក្រុមជំនាញបានបញ្ជាក់ថា សពត្រូវរងការកាប់មួយពូថៅចំថ្គាមខាងឆ្វេងស្លាប់នៅមុខផ្ទះជនសង្ស័យ។ ក្នុងនោះឃើញមានស្នាមអូសសពទៅចោលក្នុងចម្ការដំឡូងខាងក្រោយផ្ទះប្រហែល៣០ម៉ែត្រ។

ពេលសមត្ថកិច្ចទៅដល់ជនសង្ស័យ បានកាន់ពូថៅគ្រវីគម្រាមមិនឱ្យសមត្ថកិច្ចចូលជិតទេ។តែទោះយ៉ាងណាកម្លាំងសមត្ថកិច្ចបានព្យាយាមចូលចាប់ជនសង្ស័យបាន ហើយយកកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *