ភ្នំពេញ៖បុរស៣នាក់ជិះម៉ូតូឌុបគ្នា ដំណើរបញ្ច្រាសទិសនាំមុខរថយន្តពេទ្យ បានបុករថយន្តមកពីមុខ បណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់២នាក់។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីកាលពីយប់ថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣។
សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញមនុស្សចំនួន៦នាក់ជិះម៉ូតូ២គ្រឿង ដោយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ផ្លាកលេខព្រៃវែង1O.9436 មានគ្នា៣នាក់ ជិះបើកផ្លូវរថយន្តសង្គ្រោះបន្ទាន់តាមផ្លូវជាតិលេខ១ ដំណើរបញ្ច្រាសទិសពីលិចទៅកើតក្នុងល្បឿនលឿន។
មកដល់កន្លែងខាងលើបានបុកជាមួយរថយន្តម៉ាក Lexus LX570 ផ្លាកលេខកម្ពុជាLY-SOKHA មកពីមុខពេញទំហឹងបណ្ដាលឱ្យខាងម៉ូតូស្លាប់ម្នាក់របួសធ្ងន់២នាក់។ត្រូវគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកសពរង់ចាំក្រុមគ្រួសារមកទទួលយកទៅថ្វើបុណ្យ។បន្ទាប់ពីហេតុការណ៍កើតឡើងតៃកុងរថយន្តបានចុះគេចខ្លួនបាត់។
ក្រោយមកសមត្ថកិច្ចខណ្ឌបានមកពិនិត្យរួចក៏ស្ទួចរថយន្ត និងម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីដោះស្រាយពេលក្រោយ៕