ព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុបានចាប់ក្រុមជនជាតិចិន និងក្រុមវៀតណាមចំនួន១៥នាក់ ករណីប្រើហឹង្សាវាយតប់គ្នាបង្កឱ្យពលរដ្ឋមានការភ័យខា្លច។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅមុខអាគារកាស៊ីណូ វ៉ាងឆាវ ក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី២៨ ខែសីហា។
សមត្ថកិច្ចខេត្តព្រះសីហនុបានដឹងថា ក្រោយទទួលព័ត៌មានភ្លាមផ្នែកជំនាញបានចុះដល់កន្លែងខាងលើ ហើយក៏បានឆែកឆេរនៅក្នុងអាគារកាស៊ីណូ ដោយបានឃាត់ខ្លួនមនុស្សចំនួន១៣នាក់ ពាក់ព័ន្ធករណីហិង្សាវាយតប់គ្នានេះ។
បន្ទាប់មកកម្លាំងបានរកឃើញជនសង្ស័យ២នាក់ទៀត កំពុងស្នាក់នៅក្នុងបន្ទប់លេខ 8515 នៃអាគារខាងលើ ពាក់ព័ន្ធកាន់កាប់អាវុធខ្លីម៉ាក K54 មួយដើមបង់១ គ្រាប់៤គ្រាប់និងកាំបិតចំនួន៣ដើមដោយខុសច្បាប់។ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបាននាំជនសង្ស័យទាំង១៥នាក់ រួមវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី៕