កោះកុង៖កម្លាំងនគរបាលស្រុកស្រែអំបិលបានចាប់ជនសង្ស័យម្នាក់និងរឹបអូសគ្រឿងចក្រ១គ្រឿងករណីកាប់ទន្ទ្រានព្រៃរដ្ឋយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនហើយបញ្ជូនទៅតុលាការ។
មន្ត្រីអាជ្ញាធរស្រុកបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២២កម្លាំងសមត្ថកិច្ច ស្រុកស្រែអំបិល,មន្រ្តីបរិស្ថាន,មន្រ្តីរដ្ឋបាលព្រៃឈើ,អាវុធហត្ថបានចុះចាប់គ្រឿងចក្រមួយគ្រឿងនិងជនសង្ស័យម្នាក់ដែលឈូសឆាយព្រៃរបស់រដ្ឋខុសច្បាប់យកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
កម្លាំងចម្រុះ ចុះទៅដល់ត្រង់ម្តុំកំពង់ខ្លឹម ក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិលក៏បានឃើញសកម្មភាពឈូសឆាយព្រៃរបស់រដ្ឋខុសច្បាប់ទើបឃាត់គ្រឿងចក្រមួយគ្រឿង និងមនុស្សម្នាក់។ជនសង្ស័យ ឈ្មោះ លី សូហ៊ អាយុ ៣០ឆ្នាំនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាម្ចាស់គ្រឿងចក្រ។
ក្រោយឃាត់ខ្លួនដោយមិនមានឯកសារបញ្ជាក់ថាជាដីរបស់ខ្លួននោះទើបសមត្ថកិច្ចចម្រុះសម្រេចនាំខ្លួនជនសង្ស័យនិងគ្រឿងចក្រកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕