ព័ត៌មានជាតិ

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋស្ថិតក្នុងឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋស្ថិតក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោក គុយ វណ្ណូ អភិបាលស្រុករតនមណ្ឌល បានលើកឡើងថា សម្រាប់ស្រុករតនមណ្ឌលនេះ  ផ្អែកទៅតាមការណែនាំ ចង្អុលបង្ហាញពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារ គ្រប់គ្រងដីរដ្ឋ បានអនុញ្ញាតឲ្យភូមិស្តៅ នៃ ឃុំស្តៅ ក្នុងស្រុករតនមណ្ឌល ធ្វើការចុះបញ្ជី មានលក្ខណៈ ជាប្រព័ន្ធ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល មានចំនួន ១៤២៧ ក្បាលដី និងបំពេញ បានសម្រេចតាមលក្ខណៈច្បាប់មានចំនួន១,៣៤៥ក្បាលដី និងបាន កំពុងសិក្សាដើម្បីអនុវត្តនៅភូមិដទៃទៀតនៃឃុំស្តៅ។

លោក សួន សុភា ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់និង​សុរិយោដីខេត្តបាត់ដំបង បានលើកឡើងថា ប្រជាពលរដ្ឋ លោក មេភូមិ ព្រឹទ្ធាចារ្យ និងលោកមេឃុំបានចូលរួមយ៉ាងសកម្មក្នុងការងារអនុវត្តគម្រោងចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះគាត់បានមកពិនិត្យបញ្ជីឈ្មោះ និងប្លង់សុរិយោដី ព្រមទាំងបានដាក់ពាក្យសុំកែតម្រូវផងដែរ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរត្រូវពន្លឿនដល់ការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាធ្វើការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានឆាប់រហ័ស ព្រោះថាបើមិនខិតខំដោះស្រាយទំនាស់ដីធ្លីនេះទេ គឺការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះគឺមិនងាយនឹងបានផ្ដល់ជូនប្រជាពលរដ្ឋឡើយ។ ឯកឧត្តម បានលើកឡើងថា ការផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ គឺជាការគិតគូរដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយឱ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស និងឱ្យបានកាន់តែច្រើន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *