ព័ត៌មានសន្តិសុខសង្គម

កំពុងបន្តនីតិវិធីលើជនសង្ស័យ៦នាក់ ករណីឆក់កាបូបលុយជាង២ម៉ឺនដុល្លារ

ខេត្តព្រះសីហនុ៖កម្លាំងនគរបាលខេត្ត បានស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យ៦នាក់ ពាក់ព័ន្ធឆក់កាបូបលុយ ពីជនជាតិចិនជាង២ម៉ឺនដុល្លារនិងកំពុងបន្តនីតិវិធី។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែមិថុនាថា កម្លាំងជំនាញបានចុះស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យចំនួន៦នាក់ ជាមុខសញ្ញាចោរឆក់-ប្រើប្រាស់អាវុធខុសច្បាប់និងពាក់ព័ន្ធគ្រឿងញៀន។

លោកស្នងការបានបន្តថា កាលពីវេលាទៀបភ្លឺថ្ងៃទី១៨ ខែមិថុនា កម្លាំងអន្តរាគមន៍បានទទួលព័ត៌មានថា មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពីអត់ផ្លាកលេខ បានឆក់កាបូបពីបុរសជនជាតិចិនម្នាក់ នៅម្តុំកែងផ្លូវលេខ៥០២ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ព្រះសីហនុ ។

បន្ទាប់មកកម្លាំងនគរបាលខេត្ត ជាមួយនគរបាលក្រុងព្រះសីហនុ បានសហការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១៥នាក់មានស្រី៦នាក់យកទៅសាកសួរ។ក្រោយពីសាកសួរជនជាប់ពាក់ព័ន្ធក្នុងករណី ខាងលើមានចំនួន៦នាក់។

ជនសង្ស័យឈ្មោះ-ឈ្មោះ កោ ច័ន្ទតារាប្រាថ្នា អាយុ១៨ឆ្នាំ-ឈ្មោះ សាន ឧត្តម ហៅ ដំអាយុ២១ឆ្នាំ-ឈ្មោះ ខុម ប្រុស អាយុ២៣ឆ្នាំ-ឈ្មោះ កៅ ថាយី អាយុ ១៨ឆ្នាំ-ឈ្មោះ យឿន ភត្រ្តាអាយុ២៥ឆ្នាំនិងឈ្មោះ កែវ លាភសំណាងអាយុ ១៨ឆ្នាំ។ពួកគេមុខរបរមិនពិតប្រាកដ នៅភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ។

ចំណែកជនរងគ្រោះឈ្មោះ WANG SHUNGANG អាយុ ៣០ឆ្នាំជនជាតិចិន អ្នករកស៊ីស្នាក់នៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ។ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតសម្ភារវត្ថុតាង កាបូប១លុយចំនួន២១.០០០ដុល្លារត្រូវបានបាត់បង់-លិខិតឆ្លងដែន១ក្បាល-បណ្ណការងារ១សន្លឹក និងឯកសារផ្សេងៗ-
សំបកខេសទូរសព្ទ៥-អាវុធខ្លី១ដើមម៉ាក SIGSAUER -បង់១មានគ្រាប់១-ម៉ូតូ៤គ្រឿង-ម្សៅក្រាមសង្ស័យជាសារធាតុញៀន២៧កញ្ចប់-ជញ្ជីងថ្លឹង១គ្រឿងញៀន១-ថង់វេចខ្ចប់និងឧបករណ៍ពាក់ព័ន្ធមួយចំនួន។

ចំពោះមនុស្ស៩នាក់ មានស្រី៦នាក់ប្រុស៣នាក់មិនជាប់ពាក់ព័ន្ធក្នុងករណីនេះសមត្ថកិច្ចបានអប់រំឱ្យត្រឡប់ទៅផ្ទះវិញរៀងខ្លួន។ ចំណែកជនសង្ស័យទាំង៦នាក់ ផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *