ព័ត៌មានសន្តិសុខសង្គម

នគរបាលចាប់ខ្លួន២នាក់ប្តីប្រពន្ធជនជាតិចិន ម្ចាស់គ្លីនិកព្យាបាលជំងឺ ” ប៉ខាង ” ក្រោយយកសពអ្នកជំងឺជនជាតិកូរ៉េដែលស្លាប់ក្នុងគ្លីនិចខ្លួនរុំកន្ទេល បោះចោលនៅស្រុកកណ្ដាលស្ទឹង

(ភ្នំពេញ)ករណី ប្រទះឃើញសាកសពមនុស្សស្រីរុំកន្ទេល ផ្លុងចោលនៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ បង្ក្រាបបានហើយ។

សូមរំលឹកថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រទះឃើញ សាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេលយកមកផ្លុងចោលនៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង​ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​។

ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ និងស្នងការដ្ឋាននគររាជធានីភ្នំពេញ​ ធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ​បានចំនួន ២នាក់​ ដែលជាម្ចាស់​គ្លីនិកពិគ្រោះជំងឺ ប៉​ ខាង​ ដូចខាងក្រោម៖

*ទី១៖ ឈ្មោះ LAI WENSHAO ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជាប្តី
*ទី២៖ ឈ្មោះ​ CAI HUIJUAN ភេទ​ ស្រី​ អាយុ៣៩ឆ្នាំ​ ជាប្រពន្ធ។ សាកសពជនរងគ្រោះមានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។

ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា​ កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២កំប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកា-ច់ស្លា-ប់នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង។

ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសា-ក-ស-ពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *