ព័ត៌មានសន្តិសុខសង្គម

តៃកុងអាចងោកមួយភាំង រថយន្តរេចង្កូតធ្លាក់ប្រឡាយទឹក ស្លាប់ម្នាក់របួស១០នាក់

ខេត្តកែប៖គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង អាចតៃកុងងោកមួយភាំងរថយន្តបានរេចង្កូតធ្លាក់ផ្លូវ ចូលប្រឡាយទឹកបណ្តាលឱ្យក្មេងម្នាក់ស្លាប់ម្នាក់និងរងរបួស១០នាក់។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប កាលពីរសៀលថ្ងៃទី៨ ខែមិថុនា។ ប្រជាពលរដ្ឋបានឱ្យដឹងថា ក្នុងករណីនេះសមត្ថកិច្ចបន្តការសាកសួររកអត្តសញ្ញាណអ្នកបើកបរនិងមនុស្សប្រុសស្រីក្មេងចាស់ដែលរងរបួស។ចំណែកក្មេងប្រុសម្នាក់បានស្លាប់មានអាយុប្រហែល៦ឆ្នាំ។
ប្រភពដដែលបានបន្តថា មុនគ្រោះថ្នាក់កើតឡើងរថយន្តតូយ៉ូតាតាកូម៉ា បានផ្ទុកមនុស្សជាង ១០នាក់បើកតាមផ្លូវជាតិលេខ៣៣។មកដល់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១-២២ អ្នកបើកបរទំនងងោកមួយភាំងស្រាប់តែរថយន្តបានរេចង្កូត ធ្លាក់ពីផ្លូវចូលប្រឡាយទឹកបណ្តាលឱ្យមានស្លាប់និងរបួសរដូករណែលតែម្តង។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះទាំងអស់មានទីលំនៅ ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ក្រោយកើតហេតុរថយន្តនគរបាលក្រុងកែប និងរថយន្តសង្គ្រោះបានដឹកអ្នករងរបួសទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *