ក្រុងប៉ោយប៉ែត ៖ នៅវេលម៉ោង១០ និង០៥ នាទីនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងនាំចូល និងស្តុកលក់ចែកចាយនូវផលិតផលមានដើមកំណើតពីសត្វ១កន្លែង ក្រុមការងារបានរកឃើញ សាច់សត្វមាន់ និងប្រហិតចម្រុះ ចំនួន ៣១១០គីឡូក្រាម ត្រូវបានច្រកថងដាក់ក្នុងធុងក្លាស្សេចំនួន១៤ធុង មកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ នៅភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យហើយ យើងបានរកឃើញថាផលិតផលមានដើមកំណើតពីសត្វ(សាច់សត្វមាន់ និងប្រហិត) ទាំងនោះរក្សាទុកមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ក្រុមការងារបានរឹបអូសយកផលិតផលទាំងអស់នោះទៅដុតកម្ទេចចោលទៅតាមវិធានការនៃច្បាប់។