កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកបសេដ្ឋ ក្រោយពីពលរដ្ឋប្រាប់ថា មានក្មេងគប់រថយន្តកំពុងធ្វើដំណើរតាមផ្លូវ ក៏ចេញអន្តរាគមន៍ចាប់បានក្រុមទំនើង៣នាក់ យកទៅចាត់ការតាមច្បាប់។
ករណីនេះបានកើតឡើងនៅលើផ្លូវក្រួសក្រហម ម្តុំទំនប់វត្តពោធិ៍ ក្នុងភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី១៦ ខែឧសភា។ សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានករណីគប់កញ្ចក់រថយន្ដ កម្លាំងនគរបាលស្រុកបសេដ្ឋ បានចេញអន្តរាគមន៍ឃាត់ខ្លួន៣នាក់។
ជនសង្ស័យឈ្មោះ នុត សំនាង អាយុ២១ឆ្នាំជាជនដៃដល់-ឈ្មោះ ថោង សុភាព អាយុ១៦ឆ្នាំនិងឈ្មោះ ផាន ឈិត អាយុ១៨ឆ្នាំ។ពួកគេទាំង៣នាក់នៅភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែករថយន្តម៉ាកសាំយ៉ុងផ្លាកលេខ2U-3148 របស់ឈ្មោះ ហោ ច្រិល អាយុ៣៧ឆ្នាំនៅភូមិត្រពាំងកក់ ស្រុកបសេដ្ឋ បែកកញ្ចក់ខាងក្រោយ។
បន្ទាប់ពីឃាត់ខ្លួនក្រុមនេះបានសារភាពថា ពិតជាបានយកដុំថ្មគប់លើរថយន្តនោះមែន គឺគោលបំណងគប់លេង ព្រោះកន្លងមកពួកខ្លួនធ្លាប់គប់កញ្ចក់រថយន្តជាញឹកញាប់។ ជនសង្ស័យទាំង៣ត្រូវបានផ្នែកជំនាញនាំយកទៅសាកសួរ និងបញ្ជូនបន្ត៕