ព័ត៌មានអន្តជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកក្រហមខេត្ត បានដឹកនាំសហការី ក្រោមឱវាទ នាំយកអំណោយសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះបំផុតចំនួន៥៨គ្រួសារ មកពីឃុំចំនួន៥

(កំពង់ចាម)នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត បានដឹកនាំសហការី ក្រោមឱវាទ បាននាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ៥៨គ្រួសារ មកពីឃុំចំនួន ៥ គឺ ឃុំព្រៃឈរ ស្រង៉ែ សូរសែន្យ ល្វា និងឃុំសំរោង ។ ដែលពិធីនោះ បានរៀបចំនៅក្នុងបរិវេណ វត្តថ្មី ស្ថិតនៅក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
បើតាម នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ ឱ្យដឹងថា ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតទាំង ៥៨គ្រួសារ នេះ រួមមាន ÷ ស្ត្រីមេម៉ាយទ័លលំបាក ចំនួន ២៤គ្រួសារ ចាស់ជរាគ្មានទីពឹងចំនួន ២៥គ្រួសារ ជនមានពិការភាព ចំនួន ៥គ្រួសារ អ្នកផ្ទុកមេរោគអេដស៍ ចំនួន ០២គ្រួសារ និងកុមារកំព្រា ចំនួន ០២គ្រួសារ ផងដែរ ។
ស្ថិតក្នុងឱកាស សំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្ដេចតែងខ្វល់ខ្វាយ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាប្រចាំ ហើយតែងបានចាត់តំណាងរបស់ខ្លួន ឲ្យចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនពួកគាត់បានទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ តាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “មិនទុកនរណាម្នាក់ ចោលឡើយ” ។

ឯកឧត្តម អ៊ុន ចាន់ដា បានយកឱកាសនោះ ក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមទាំងអស់ សូមលើកកម្ពស់ការថែទាំសុខភាព រស់នៅក្នុងបរិស្ថានល្អ មានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ពីក្តៅ ទៅត្រជាក់នេះ វាអាចនឹងបង្កឱ្យកើតមានជម្ងឺផ្តាសាយ ឬគ្រុនក្តៅ និងសូមបងប្អូន បន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ ការពារ ៣កុំ” និង អញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំង ដូសជំរុញទី៥ ឬ ទី៦ ឱ្យបានគ្រប់ៗគ្នា ដើម្បី ទប់ស្កាត់ការឆ្លងរាលដាល នៃវីរុស បំលែងថ្មី កូវីដ-១៩ ។ម៉្យាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះ គ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមាន ដូចជា ÷ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ គ្រោះអគ្គីភ័យ ជាដើម អាចបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិ និងអាយុជីវិត ជាយថាហេតុ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបាន ប្រគល់ជូនពលរដ្ឋ ងាយរងគ្រោះ ទាំង ៥៨គ្រួសារ គឺក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ឃីត (សារុង មុង ភួយ ក្រមា ) ១កញ្ចប់ សាប៊ូលុច្ស ៤ដុំ អាវយឺត ៤ ម៉ាស់ ១០បន្ទះ និង ថវិកាចំនួន ៥០.០០០រៀល ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *