ភ្នំពេញ៖កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិថិជននៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីប្រព្រឹត្តអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងនារីរងគ្រោះចំនួន៨នាក់ ក្នុងនោះមានអនីតិជនចំនួន៣នាក់ និងវត្ថុតាមមួយចំនួន។
លោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ចំណុចហាងម៉ាស្សាកោសជប់យីហោ «៩៩៩៩» ស្ថិតនៅផ្ទះគ្មានលេខ ចំណុចចុងស្ពានព្រែកព្នៅ ខាងលិច ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សិត វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនស្ដ្រីម្នាក់ ដែលជាម្ចាស់ទីតាំងឈ្មោះ សេក មុំ អាយុ៤០ឆ្នាំ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ក្រោយប្រតិបត្តិការកម្លាំងជំនាញ បាននាំខ្លួនស្រ្តីម្ចាស់ទីតាំង ទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង៨នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញធ្វើការអប់រំ៕