អន្តរជាតិ៖ភរិយាជិត១០ឆ្នាំរបស់លោកដេរិកឆូវីនបានដាក់ពាក្យសុំលែងលះពីអតីតប៉ូលិសក្រុងមីននីប៉ូលីសដែលត្រូវបានចោទពីបទសម្លាប់លោកចចផ្លយ។អតីតបេក្ខនារីបវរកញ្ញារូបនេះបានលើកឡើងពី“ការបែកបាក់មិនអាចបកស្រាយបាន”នៅក្នុងឯកសារលែងលះដែលមើលឃើញដោយសារព័ត៌មានដេលីមែល ហើយបានដាក់ពាក្យសុំប្តូរឈ្មោះរបស់នាងផងដែរ។
តើខេលី ឆូវីន ជាអ្នកណា?យោងតាមសារព័ត៌មានដេលីមែលបានឱ្យដឹងថា នាងខេលី ឆូវីន បានមកដល់សហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួនពីប្រទេសឡាវ។ភ្នាក់ងារអចលនទ្រព្យអាយុ ៤៥ឆ្នាំរូបនេះធ្លាប់ជាអ្នកបច្ចេកទេសផ្នែកវិទ្យុវិទ្យានៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រហិននីពីនខោនធីនៃទីក្រុងមីននីប៉ូលីស កន្លែងដែលអាជ្ញាធរបានប្រកាស លោកចច ផ្លយស្លាប់កាលពីខែមុន។
ប្តីប្រពន្ធទាំងពីរបានជួបគ្នានៅទីនោះពេលឆូវីននាំជនសង្ស័យចូលមកពិនិត្យសុខភាពហើយក្រោយមកពួកគេបានរៀបការនៅថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០១០ នៅវ៉ាស៊ីនតោនខោនធី។
អ្នកដាក់ពាក្យលែងលះរូបនេះគឺជាអតីតជ័យលាភីបវរកញ្ញាឯកប្រចាំរដ្ឋមីននីសូតាក្នុងឆ្នាំ ២០១៨។
ជាផ្នែកមួយនៃការជំរុញរបស់នាងក្នុងការដណ្តើមយកមកុដនាងបានលាតត្រដាងព័ត៌មានលម្អិតនៃជីវិតរៀបការរបស់នាងជាមួយដេរិកឆូវីន។នាងបានប្រាប់សារព័ត៌មានថា“ទោះស្លៀកពាក់ឯកសណ្ឋានប៉ូលិសក្តីក៏ប៉ុន្តែគាត់គ្រាន់តែជាមនុស្សចិត្តទន់ម្នាក់ប៉ុណ្ណោះ។
គាត់ជាសុភាពបុរសគាត់នៅតែបើកទ្វារឱ្យខ្ញុំនៅតែពាក់អាវក្រៅឱ្យខ្ញុំ។ក្រោយការលែងលះ(ប្តីមុន)របស់ខ្ញុំ។ខ្ញុំមានបញ្ជីត្រូវធ្វើដ៏វែងមួយប្រសិនបើខ្ញុំមានទំនាក់ទំនងថ្មីហើយគាត់ស័ក្តិសមទាំងអស់នឹងបញ្ជីនោះ”។នាងខេលីស្ងាត់មាត់៥ថ្ងៃក្រោយលេចធ្លាយវីដេអូប្តីឆូវីនរបស់នាងសម្លាប់លោកចច ផ្លយ។
ទោះយ៉ាងណា កាលពីសប្តាហ៍មុន មេធាវីរបស់នាងបានចេញសេចក្តីថ្លែងការណ៍មួយជំនួសមុខនាង ដោយនិយាយថា នាង “ខូចចិត្តជាខ្លាំង” ចំពោះអ្វីដែលបានកើតឡើង។មេធាវីឈ្មោះ អាម៉ាន់ដា ម៉ាសុនសេគូឡា និយាយថា “ល្ងាចនេះ ខ្ញុំបាននិយាយជាមួយខេលី ឆូវីន និងគ្រួសាររបស់នាង។ នាងខូចចិត្តជាខ្លាំងចំពោះមរណភាពរបស់ផ្លយនិងសូមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសាររបស់គាត់ មនុស្សជាទីស្រឡាញ់របស់គាត់ និង គ្រប់គ្នាដែលកើតទុក្ខដោយសារសោកនាដកម្មនេះ”។
មេធាវីបន្តថា“ខណៈលោកស្រីឆូវីនគ្មានកូនពីចំណងអាពាហ៍ពិពាហ៍នេះនាងស្នើសុំដោយក្តីគោរពនូវការធានាសុវត្ថិភាពនិងឯកជនភាពដល់កូនៗរបស់នាងឪពុកម្តាយវ័យចំណាស់របស់នាងនិងគ្រួសារធំរបស់នាងអំឡុងគ្រាដ៏លំបាកនេះ”៕