ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនាំខ្លួនជនសង្ស័យលួចកុំព្យូទ័រ នឹងទូរស័ព្ទទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនបុរសម្នាក់ហើយបាននាំទៅតុលាការចាត់ការតាមច្បាប់ករណីលួចកុំព្យូទ័រនិងទូរសព្ទកាលពីរសៀលថ្ងៃទី៧ ខែសីហា។
លោករវសេនីយ៍ត្រី នួននីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា តាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ងួនច័ន្ទដារ៉ា អាយុ៣៧ឆ្នាំនៅក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ត្រូវចោរលួចកុំព្យូទ័រមួយគ្រឿងនិងទូរសព្ទ២គ្រឿង។នៅថ្ងៃទី៦ ខែសីហាកម្លាំងអាវុធហត្ថក្រុងបានស្រាវជ្រាវនិងចាប់បានបុរសម្នាក់ឈ្មោះ សំណាង រតនាអាយុ៣២ឆ្នាំពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ។
ក្នុងនោះបានដកហូតវត្ថុតាងកុំព្យូទ័រ១គ្រឿងនិងទូរសព្ទ១គ្រឿងជារបស់ជនរងគ្រោះ។ជនសង្ស័យបានឆ្លើយថា ខ្លួនគេពិតជាបានលួចកុំព្យូទ័រ១គ្រឿងនិងទូរសព្ទ២គ្រឿងពិតមែន។តែទូរសព្ទ១គ្រឿងខ្លួនយកទៅលក់បានលុយចំនួន២.០០០បាតជាប្រាក់ថៃរួចដើរលេងស៊ីចាយអស់ហើយ។ យោងតាមមាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌអំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *