Uncategorized

អាជ្ញាធរខេត្តបញ្ជាឲ្យបង្ក្រាបបទល្មើសគ្រប់ប្រភេទពិសេសការឆ្លងដែនខុសច្បាប់

 

​​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០២០​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដាក់​បញ្ជា​ដល់​អាជ្ញាធរ​ដែនដី​ក្រុង​ស្រុក​ឃុំ​សង្កាត់​ក៏ដូចជា​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ពិសេស​បទល្មើស​ឆ្លងដែន​ខុសច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​
​លោក ប្រាក់ សុវណ្ណ បាន​ថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក៏ដូចជា​បទបញ្ជា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​អាជ្ញាធរខេត្ត​ព្រះវិហារ​តែងតែបាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​ក្រុង​ស្រុក​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​ខេត្ត​ត្រូវខិតខំ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​មួយរយៈ​នេះ​បទល្មើស​ផ្សេងៗ​ក្នុង​ខេត្តព្រះវិហារ​ហាក់​មានកា​រ​ថមថយ​គួរឱ្យកត់សម្គាល់​។​ក្នុងនោះ​មាន​បទល្មើស​គ្រឿងញៀន​ល្បែងស៊ីសង​ក៏ដូចជា​បទល្មើស​ដឹកជញ្ជូន​ធនធានធម្មជាតិ​ផងដែរ​តែ​បទល្មើស​ខ្លះទៀត​ក៏​នៅតែ​កើតមាន​ដដែល​។​ករណីនេះ​លោក​បាន​ដាស់តឿន​ដល់​មន្ត្រី​អនុវត្តន៍​ត្រូវខិតខំ​បន្ថែមទៀត​ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​មុខងារ​និង​តួនាទី​របស់ខ្លួន​។​
​ជាមួយគ្នា​នោះ លោក ប្រាក់ សុវណ្ណ ក៏បាន​លើកឡើង​ចំពោះ​ការនាំ​សត្វ​ចូល​ពី​ប្រទេស​ឡាវ មក​ស្តុក​ទុក​នៅ​ឃុំ​កំពង់​ស្រឡៅ​ស្រុក​ឆែប​សម្រាប់​បែងចែក​ដឹកជញ្ជូន​លក់​ទៅកាន់​ទីផ្សា​ក្នុងស្រុក​។​ដែល​ព័ត៌មាន​បាន​ចុះផ្សាយ​ប៉ុន្មាន​ថ្ងៃមុន​នោះ​គឺ​លោក​បានដាក់​បទបញ្ជា​ដល់​អាជ្ញាធរ​ស្រុក​ឆែប​ឱ្យធ្វើ​កិច្ចការ​នេះ​។​លោក​បាន​បន្តថា​ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត​លោក​មិន​អនុញ្ញាតឱ្យ​មានការ​នាំចូល​ទំនិញ​ឆ្លងដែន​ខុសច្បាប់​មក​ចែកចាយ​ក្នុងស្រុក​ជាដាច់ខាត​។​ដូច្នេះ​អាជ្ញាធរ​ក្រុង​ស្រុក​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់ និង​បង្ក្រាប​ឱ្យខាងតែបាន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *