ព័ត៌មានជាតិ

អាជ្ញាធរផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋនៅស្រុកចំនួន២ក្នុងខេត្តព្រះវិហារ

 

ព្រះវិហារ៖អាជ្ញាធរខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២២ បានផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋនៅស្រុកចំនួន២ដើម្បីប្រើប្រាស់ និងការបង្កបង្កើនផលដោយស្របច្បាប់។
ប្រជាពលរដ្ឋជិត៥០០គ្រួសារស្រុកគូលែន និងស្រុកឆែប ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីដោយស្របច្បាប់ ពីប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។

លោក សំ សារឿន ជាតំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារបានថ្លែងថា ប្រជាពលរដ្ឋដែលត្រូវទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ពីអាជ្ញាធរខេត្ត នាពេលនេះ មានចំនួន ៤៤៥គ្រួសារ។ នៅក្នុងស្រុកពីរ គឺ នៅក្នុងឃុំថ្មី ស្រុកគូលែន មានចំនួន ១៣៤គ្រួសារ និង នៅក្នុងឃុំកំពង់ស្រឡៅ២ស្រុកឆែប មានចំនួន ៣១១គ្រួសារ។

លោកប្រធានមន្ទីរបានបន្តថា ការផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋទាំង ៤៤៥គ្រួសារ នៅពេលនេះ គឺមានតម្លៃដ៏មហាសាល គឺជាបណ្ណមានការធានាត្រឹមត្រូវតាមផ្លូវច្បាប់ពីអាជ្ញាធរ។បណ្ណកម្មសិទ្ធដីនេះមានអំណាច ៤យ៉ាងទី១-ពេលត្រូវកម្តៅថ្ងៃ ចេញរូបព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ ។

២- ពេលយើងយកទៅហ្វូតូកូពី គឺវាចេញមកកូពីតែម្តង ,៣- មានលេខកូដ៨ខ្ទង់ និង ៤- មាន QR code ដែលមានបញ្ជាក់នូវព័ត៌មាន និងអត្តសញ្ញាណច្បាស់លាស់ នៃម្ចាស់កម្មសិទ្ធិជាពិសេសអាចឱ្យយើងយកទៅប្រើប្រាស់លើការដាក់បញ្ចាំ យកលុយមកពង្រីកមុខរបរផ្សេងៗ មានភាពងាយស្រួល ផងដែរ។
ប្រជាពលរដ្ឋទាំងអស់ នៅពេលដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនេះទៅ ត្រូវយកទៅប្រើប្រាស់ឱ្យសមស្របទៅតាមច្បាប់ ដែលបានកំណត់ ។ពិសេស ត្រូវទុកដាក់ថែរក្សាបណ្ណនេះឱ្យបានល្អ និងសូមកុំយកបណ្ណនេះទៅអ៊ុតរឹង ដូចអត្តសញ្ញាណបណ្ណឱ្យសោះ។

បណ្ណកម្មសិទ្ធិដីដែលបងប្អូនទទួលបាននៅពេលនេះ គឺបានកើតចេញពីកិច្ចខិតខំរួមគ្នា រវាងមន្ត្រីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេស អាជ្ញាធរខេត្ត ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *