ភ្នំពេញ៖ក្រុមចោរមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបានភ្ជង់កាំភ្លើងលើបុរសម្នាក់ប្លន់យកម៉ូតូប្រុងជិះចេញទៅតែត្រូវម្ចាស់ម៉ូតូដកកាំភ្លើងបាញ់ឱ្យស្លាប់ម្នាក់និង៣នាក់ទៀតរត់គេចខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ៣០ម៉ែត្រក្បែរវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា នៅម៉ោង៦ព្រឹកថ្ងៃទី២៤ខែមីនាបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមលើផ្លូវ៣០ម៉ែត្រ។
បុរសនោះបានជិះម៉ូតូហួសវត្តឫស្សីសាញ់បានបន្តិចក៏លេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមកក្បែរជនរងគ្រោះហើយក៏ភ្ជង់ប្លន់យកម៉ូតូ។នៅពេលជនសង្ស័យលើកម៉ូតូជនរងគ្រោះជិះចេញទៅត្រូវម្ចាស់ម៉ូតូដកកាំភ្លើងបាញ់ទៅលើចោរជាច្រើនគ្រាប់បណ្ដាលឱ្យស្លាប់លើម៉ូតូនោះតែម្តង។
បន្ទាប់ពីនោះក្រុមជនសង្ស័យ៣នាក់ឃើញបក្ខពួកស្លាប់បាននាំគ្នារត់គេចខ្លួនបាត់អស់។តែអ្នកបាញ់ចោរឱ្យស្លាប់មិនបានរត់ទៅណាទេដោយសមត្ថកិច្ចបានឃាត់ខ្លួននាំយកទៅសាកសួរ៕