ភ្នំពេញៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹងថាៈគ្រោះថ្នាក់ចរាចរណ៍រយៈពេល ១០៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បានកើតឡើង ៨៥៣លើក ស្លាប់មនុស្សចំនួន ៤៥១នាក់ របួសចំនួន ១៣២០នាក់ក្នុងនោះរបួសធ្ងន់ ៧៨២នាក់។
លោកបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កើតឡើងចំនួន១៤លើក ស្លាប់ ៩នាក់ និងរបួសចំនួន ១៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១០នាក់។បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ឆ្នាំ២០២០ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ១.៦១៩លើក បណ្ដាលឱ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់របួសធ្ងន់១.១២៣នាក់ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។
របាយការណ៍ដដែលបានបន្តថាមូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពីបើកបរលើសល្បឿនកំណត់៣៣ភាគរយមិនគោរពសិទ្ធិ២៣ភាគរយមិនប្រកាន់ស្គាំ១៤ភាគរយវ៉ាជែង១០ភាគរយបត់១០ភាគរយស្រវឹង៦ភាគរយកត្តាយានយន្ដ៤ភាគរយនិងងងុយ១ភាគរយ។ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន៥៥២លើកស្មើ២៥ភាគរយស្លាប់ថយចំនួន១៧២នាក់ស្មើ១៧ភាគរយ និងរបួសថយ៧៧៨នាក់ ស្មើ២៤ភាគរយ៕