ភ្នំពេញៈសមត្ថកិច្ចបានចាប់ខ្លួនលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ពាក់ព័ន្ធការញុះញង់នឹងបទល្មើសជាក់ស្តែងបំភ្លៃការពិតទាក់ទងបញ្ហាព្រំដែន។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ បន្ទាប់ពីចាប់ខ្លួបលោកសួង សុភ័ណ្ឌ ត្រូវបានបញ្ជូនខ្លួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានឱ្យដឹងថាៈពិតជាមានការចាប់ខ្លួនលោកសួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ប្រាកដមែនកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ លោកសួង សុភ័ណ្ឌ កំពុងតែស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយសមត្ថកិច្ចកំពុងតែសាកសួរ។ ការចាប់ខ្លួននេះ គឺតាមដីការបស់តុលាការ និងតាមគោលការណ៍ព្រះរាជអាជ្ញា។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា “ការចាប់ខ្លួននេះ គឺពាក់ព័ន្ធបទល្មើសជាក់ស្តែងញុះញង់បំភ្លៃការពិតទាក់ទងបញ្ហាព្រំដែន។ សមត្ថកិច្ចធ្វើការចាប់ខ្លួនតាមគោការណ៍ព្រះរាជអាជ្ញា តាមនីតិវិធី។ សមត្ថកិច្ចកំពុងតែធ្វើការសាកសួរលោកសួង សុភ័ណ្ឌ ជាក់ស្តែង”។
ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ បានដឹកនាំសមាជិករបស់ខ្លួន ចុះទៅទីតាំងបង្គោលព្រំដែននៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ និងនិយាយញុះញង់បំភ្លៃការពិតទាក់ទងបញ្ហាព្រំដែនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅជិតសាលាដំបូងរាជធានីភ្នំពេញ៕