ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះទី២បានចាប់ជនបង្កជាប្តីបន្ទាប់ពីបានយកអាល់កុល ចាក់លើប្រពន្ធរួចយកដែកកេះដុតបណ្តាលរងរបួសធ្ងន់រលាកពេញខ្លួន។
នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ករណីហឹង្សានេះនៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២២។បុរសដែលចាប់ខ្លួន ឈ្មោះលី ហុក អាយុ ៤៤ឆ្នាំអ្នកលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ។ប្រពន្ធឈ្មោះជា ចាន់ឌី អាយុ៣៩ឆ្នាំជាអាជីវករ បានរងរបួសធ្ងន់ធ្ងរដោយរលាកមុខដងខ្លួននិងដៃ។
អ្នកជិតខាងបានឱ្យដឹងថា មុនកើតហេតុអ្នកទាំងពីរបានឈ្លោះគ្នាយ៉ាងខ្លាំងហើយបុរសជាប្តីបានចូលទៅក្នុងផ្ទះទាញយកដបទឹកអាល់កុលចំណុះ១លីតកន្លះមកចាក់លើប្រពន្ធរួចយកដែកកេះដុតឱ្យឆាបឆេះរងរបួសតែម្តង។
ជម្លោះប្តីប្រពន្ធកើតអំពើហិង្សានេះមូលហេតុរឿងរកស៊ីលក់ដូរ។ក្រោយមកសមត្ថកិច្ចចុះឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។តែមិនបានប៉ុន្មានផងខាងប្រពន្ធមកសុំដកពាក្យបណ្តឹងហើយនគរបាលក៏បានដោះលែងបុរសនោះវិញ៕