កំពង់ឆ្នាំង៖សមត្ថកិច្ចនៃអគ្គនាយកដ្ឋានសុខភាពសត្វជាមួយមន្ត្រីផលិតកម្មបសុព្យាបាលខេត្តកំពង់ឆ្នាំង បានចាប់រថយន្តដឹក សាច់ជ្រូកបង្កកចំនួន ៦៥ក្បាល ទម្ងន់៤២០គីឡូ អត់ច្បាប់ ដែលលួចដឹកពីថៃ ទៅកាន់រាជធានីភ្នំពេញ។រថយន្តនេះចាប់បាននៅ តាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាចកាលពីវេលាទៀបភ្លឺចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ។
មន្ត្រីជំនាញបានឱ្យដឹងថា កម្លាំងការិយាល័យផលិតកម្មបសុព្យាបាលខេត្ត បានឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ជាប្រភេទរថយន្តដឹកទំនិញ២តោនកន្លះ ពាក់ផ្លាកលេខ ចង្កូតស្ដាំ PSHN0319 ដឹកជ្រូកបង្កកចំនួន ៣ធុងធំៗ ស្មើនឹង ៦៥ក្បាល មានទម្ងន់ ៤២០គីឡូ និងគ្រឿងក្នុងជ្រូកទម្ងន់៣០គីឡូ ដឹកមកពីប្រទេសថៃ។
មន្ត្រីបន្តថា ជ្រូកបង្កកនេះដឹកចូលកម្ពុជា ដោយអត់មានច្បាប់ត្រូវមន្ត្រីជំនាញយកទៅរក្សាទុក នៅកន្លែងចត្តាឡីស័កសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីយកសំណាកទៅពិនិត្យ និងកសាងសំណុរឿងតាមនីតិវិធីច្បាប់៕