ស្ទឹងត្រែង៖រថយន្តសាំយុងមួយគ្រឿងដឹកអ្នកដំណើរបានរេចង្កូតក្រឡាប់ធ្លាក់ពីលើផ្លូវបណ្ដាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់លើកំណាត់ផ្លូវជាតិលេខ78Aពីខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនគិរីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០។
ប្រភពព័ត៌មានបានឱ្យដឹងថានៅថ្ងៃ១៦ខែកក្កដា២០២០វេលាម៉ោងជាង១១មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តសាំយ៉ុងដឹកអ្នកដំណើរចេញពីខេត្តត្បូងឃ្មុំឆ្ពោះមកខេត្តរតនគិរីបានឆ្លងកាត់អូរពងមាន់ខេត្តស្ទឹងត្រែង។ពេលធ្វើដំណើរទៅដល់ត្រង់ចំណុចព្រំប្រទល់ស្រុកសេសានខេត្តស្ទឹងត្រែងខេត្តមណ្ឌលគិរីនិងខេត្តរតនគិរីតាមបណ្តោយផ្លូវជាតិលេខ៧៨ស្រាប់តែរេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់បណ្តាលឱ្យមនុស្សប្រុស.ស្រី៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
រីឯមនុស្ស៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ក្នុងហេតុការណ៍នេះទំនងជារថយន្តនោះបើកបរក្នុងល្បឿនយ៉ាងលឿន។ភ្លាមៗនោះអ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគឺនៅក្នុងខេត្តរតនគិរីចំនួន២នាក់។អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពក្បាលចប់ឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែង៕