ព័ត៌មានសន្តិសុខសង្គម

ចោរ ៥នាក់ចូលលួចលុយផ្ទះវេរលុយវីងយកអស់ជិត៤០លានរៀល និង១ពាន់ដុល្លារ

កណ្ដាល៖ក្រុមជនសង្ស័យមួយក្រុមមានគ្នាចំនួន៥នាក់មិនស្គាល់អត្តសញ្ញាណបានចូលលួចលុយនៅផ្ទះវេរលុយមួយកន្លែងប្រមូលអស់ចំនួន៣៦លានរៀលនិង១.០០០ដុល្លារអាមេរិកនៅភូមិបុណ្ណាឃុំព្រះពុទ្ធស្រុកកណ្តាលស្ទឹងខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖ស្ត្រីរងគ្រោះឈ្មោះឈុំស៊ុនណារីអាយុ៥១ឆ្នាំនៅភូមិបុណ្ណាឃុំព្រះពុទ្ធស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ចំណែកជនសង្ស័យចំនួន៥នាក់មានស្រីម្នាក់មិនស្គាល់អត្តសញ្ញាណ។សម្ភារបាត់បង់រួមមាន៖លុយខ្មែរចំនួន៣៦.០០០.០០០រៀល,លុយដុល្លារចំនួន១.០០០ដុល្លារ,សៀវភៅធនាគារអម្រិតចំនួន២ក្បាល,កាតវីងចំនួន២សន្លឹកនិងកាបូបស្ពាយចំហៀងចំនួន១។
នគរបាលបានបន្តថា៖ជនរងគ្រោះបានបើកតូបលក់អីវ៉ាន់ចាប់ហួយ និង ដូរលុយវីងដូចសព្វមួយដងដោយមានអ្នកមកទិញដូរធម្មតា។ លុះមកដល់ម៉ោងជាង៨ព្រឹកមានក្រុមជនសង្ស័យ ៥នាក់ជិះម៉ូតូ៣គ្រឿងមកឈប់នៅក្បែរតូបលក់ដូរ របស់ជនរងគ្រោះ។ ពេលនោះជនសង្ស័យម្នាក់ភេទស្រី បានចុះមកទិញស្រាបៀរ Ganzbergចំនួនមួយកេសដោយឃើញជនរងគ្រោះនៅតែម្នាក់ឯង ជនសង្ស័យម្នាក់ទៀតបានដើរចូលក្នុងទូវីងលួចយកលុយជនរងគ្រោះហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
មួយសន្ទុះក្រោយមកទើបជនរងគ្រោះដឹងថាបាត់លុយទើបតេតាមទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពុទ្ធ។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងបានចុះមកដល់កន្លែងកើតហេតុដើម្បីកសាងសំណុំរឿង និងស្រាវជ្រាវបន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *