ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនក្មេងទំនើងមួយក្រុមទៅតុលាការ ករណីកាប់ទៅលើក្រុមផ្សេង

បន្ទាយមានជ័យ៖កម្លាំងនគរបាលបានបញ្ជូនក្មេងទំនើងមួយក្រុមចំនួន៩នាក់រហ័ស្សនាមសូឡូទៅតុលាការកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី។
លោក បោន សីហាអធិការនគរបាលស្តីទីក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ កម្លាំងរបស់លោក បានចាប់ក្រុមក្មេងទំនើងចំនួន២នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតដកហូតបានកាំបិតចំនួនមួយដើមនិងម៉ូតូ១គ្រឿង។
លោកអធិការនគរបាលស្តីទីបានបន្តថា៖ក្រោយពីបានសួរនាំក្មេងទាំង២នាក់កម្លាំងបានឈានទៅចាប់បក្ខពួក៧នាក់ទៀត ដកហូតបានកាំបិតកែច្នៃ១ដើមកាំបិតប៉័ងតោ១ម៉ូតូ២គ្រឿង ម៉ាកហុងដាហ្ស៊ូម័រ អ៊ិច និងម៉ាកហុងដាឌ្រីមC125 នៅបន្ទប់ជួលក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយ ប៉ែត។
លោកបញ្ជាក់ថា៖ ក្រុមក្មេងទំនើងប្រុសស្រីទាំង៩នាក់ដែលត្រូវបានកម្លាំងចាប់ខ្លួននោះ,ឈ្មោះ ភា រ៉ា អាយុ១៦ឆ្នាំ, ឈ្មោះ ហយ រស់ អាយុ២១ឆ្នាំ, ឈ្មោះ ញឹម វុទ្ធីអាយុ១៥ឆ្នាំ,ឈ្មោះ ចាន់ ឌឿន ភេទប្រុស អាយុ១៦ឆ្នាំ,ឈ្មោះ កែវ រ៉ាត់អាយុ១៤,ឈ្មោះ សុខ តុលាអាយុ១៥ឆ្នាំ ឈ្មោះ អែម ធារ៉ាអាយុ១៥ឆ្នាំ,ឈ្មោះ អ៊ុំ ចាន់ថន ភេទស្រី អាយុ១៤ឆ្នាំ,ឈ្មោះសយ សុខលី ភេទស្រី អាយុ១៥ឆ្នាំទាំង៩នាក់នៅ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងបានសារភាពថា ក្រុមខ្លួនមានរហ័ស្សនាមថាក្រុមសូឡូហើយក្រុមរបស់ខ្លួនធ្លាប់បានធ្វើសកម្មភាពកាប់ទៅលើក្រុមផ្សេង និងទៅលើអ្នកដទៃច្រើនដងឱ្យតែមើលមុខនិងជិះម៉ូតូវ៉ាពួកគេ។ចំពោះក្មេងស្រីចំនួន២នាក់ព្រះរាជអាជ្ញាបានអនុញ្ញាតឱ្យអប់រំនិងធ្វើកិច្ចសន្យា រួចហៅឪពុកម្តាយឱ្យនាំមកយកត្រឡប់ទៅផ្ទះវិញ។ដោយឡែកចំពោះក្មេងទំនើងប្រុសៗចំនួន៧នាក់ និងវត្ថុតាងដាវ កាំបិត ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *