កណ្ដាល៖បុរសម្នាក់បានស្លាប់ខ្ទេចសាកសពបន្ទាប់ពីយកគ្រាប់ផ្លោងទៅអារកាត់ដើម្បីកែច្នៃបង្កឱ្យផ្ទុះកក្រើកដី។ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាលកាលពីថ្ងៃវេលាត្រង់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០។
តាមប្រភពនគរបាលមូលដ្ឋានបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះអ៊ីសារិនហៅប៉ាត់ភេទប្រុសអាយុ៥១ឆ្នាំជនជាតិខ្មែរមុខរបរសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្មនៅភូមិត្រពាំងព្រលិតឃុំជ្រៃលាស់ស្រុកពញាឮខេត្តកណ្តាល។តាមការបំភ្លឺរបស់កូនបង្កើតជនរងគ្រោះឈ្មោះ យន ថានុង អាយុ ២៥ឆ្នាំ បានឱ្យដឹងថានៅអំឡុងប្រហែលជាង១០ឆ្នាំមុនជនរងគ្រោះបានបង្កើតសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្ម លក្ខណៈគ្រួសារ។
លុះដល់ថ្ងៃកើតហេតុជនរងគ្រោះបានយកគ្រាប់ផ្លោងមិនស្គាល់ប្រភេទដោយប្រើម៉ូទ័រអារកាត់កែច្នៃនៅក្នុងរោងសិប្បកម្មរបស់ខ្លួន។រំពេចនោះស្រាប់តែផ្ទុះគ្រាប់លាន់យ៉ាងសន្ធឹកកក្រើកដីដែលបណ្ដាលឱ្យជនរងគ្រោះស្លាប់ដាច់សាច់ខ្ទាតជាបំណែកនៅជុំវិញកន្លែងកើតហេតុ។បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕