សៀមរាប៖ព្រះសង្ឃមួយអង្គបានសុគត ខណ:ចុះស្រង់ទឹកជ្រោះ នៅភ្នំគូលែន ស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅថ្ងៃកើតហេតុ មានព្រះសង្ឃ និងពុទ្ធបរិសទ័មួយក្រុម និមន្តនិងអញ្ជើញមកពីវត្តអណ្តើក ខេត្តបាត់ដំបង បានមកគោរពបូជា និងទស្សនាកម្សាន្តនៅរមណីដ្ឋានភ្នំគូលែន ។ នៅមុនពេលកើតហេតុព្រះសង្ឃទាំងអស់មានចំនួន៥០អង្គ បាននិមន្តទៅស្រង់ ទឹកជ្រោះ(ទឹកធ្លាក់) ជាន់ទី៣។
ក្រោយស្រង់រួចក៏បានឡើងមជាន់ទី២វិញ ស្រាប់តែបាត់ព្រះសង្ឃតូចមួយអង្គ នាម យឿន សុផុន ក៏ផ្អើលឈូឆរនាំគ្នាចុះទៅរកក្នុងទឹកវិញស្រាប់តែឃើញព្រះសង្ឃអង្គនោះ បានលង់ទឹកសុគតបាត់ទៅហើយ ក៏នាំគ្នាស្រង់យកមកលើគោក និងបានរាយការណ៏ជូនសមត្ថកិច្ច ។
សង្ឃព្រះនាម យឿន សុផុន មានព្រះជន្ម ១៤ព្រះវស្សា មានទីលំនៅភូមិ អូរប្រាំទី២ ឃុំ មាឃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម បានគង់នៅវត្តអណ្តើក ខេត្តបាត់ដំបង។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើកោវិច្ច័យរួចបានប្រគល់សពជូនអាណាព្យាបាល(គ្រូចៅអធិការវត្ត) យកទៅកាន់ទីវត្ត ដើមី្បធ្វើបុណ្យទៅតាមប្រពៃណីសាសនា៕ស