ស្ទឹងត្រែង៖ឥឡូវនេះមានដំណឹងថ្មីហើយទាក់ទងទៅនឹងស្ត្រីម្នាក់ដែលបាត់ខ្លួនពេលដើរផ្សារស្ទឹងត្រែងជាមួយប្ដីនិងកូនស្រីតូចកាលពីថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០កន្លងទៅ។
លោកនីម៉ង់មេប៉ុស្តិ៍រដ្ឋបាលឃុំស្ដៅបានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី២៨ខែធ្នូឆ្នាំ២០២០នេះថា៖សាច់ញាតិក្រុមគ្រួសារនឹងប្ដីបានទំនាក់ទំនងតាមទូរស័ព្ទដោយផ្ទាល់ពីដំណឹងនៃការវិលត្រឡប់របស់នារីម្នាក់ដែលបាត់ខ្លួននោះ។គួររំលឹកដែរថា៖ស្ត្រីម្នាក់បានបាត់ខ្លួននៅផ្សារស្ទឹងត្រែងពេលធ្វើដំណើរមករកទិញសម្ភារជាមួយប្ដីនិងកូនតូចអាយុ៥ឆ្នាំម្នាក់។ខណៈនោះស្ត្រីជាប្រពន្ធបានសុំប្ដីទៅទិញឡេលាបស្បែកក៏ស្រាប់តែបាត់ខ្លួនដោយមិនដឹងមូលហេតុ។
បុរសជាប្តីនិងកូនស្រីបាត់ដំណឹងយូរពេកក៏តាមរកតែរកមិនឃើញហើយបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន។ស្ត្រីដែលបាត់ខ្លួនឈ្មោះចាន់ប៊ុនហាន់អាយុ២០ឆ្នាំមានទីលំនៅភូមិស្តៅ២ឃុំស្តៅស្រុកសេសានខេត្តស្ទឹងត្រែង។រីឯប្ដីឈ្មោះកាខេមរិនអាយុ២២ឆ្នាំ។ទាក់ទងនឹងស្ត្រីដែលបាត់ខ្លួននេះសារព័ត៌មានយើងមិនទាន់បានបញ្ជាក់លម្អិតខាងភាគីស្ត្រីនោះបានច្បាស់លាស់នៅឡើយទេ។ដោយសារតែលេខទូរស័ព្ទថ្មីដែលនាងទំនាក់ទំនងជាមួយនិងក្រុមគ្រួសារខលចូលជាច្រើនដងតែមិនទទួល៕សហការី