ខេត្តព្រះវិហារ៖រថយន្តមិនស្គាល់អត្តសញ្ញាណបានបើកកៀរម៉ូតូឱ្យដួលហើយត្រូវភ្លើងឆាបឆេះអស់ទាំងស្រុងបណ្តាលឱ្យជនឌុបគ្នាពីរនាក់រងរបួសធ្ងន់។រីឯអ្នកបើកបររថយន្តបានបើកគេចខ្លួនបាត់។ហេតុការណ៍នោះបានកើតឡើងនៅលើផ្លូវជាតិលេខ៩ស្ថិតក្នុងភូមិស្រះឈូកសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារកាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០២០។
មន្ត្រីនគរបាលបានឱ្យដឹងថា៖នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណបានបើកមកកៀរម៉ូតូមួយគ្រឿងម៉ាស៊ុយហ្សុយគីនិចពណ៌សផលិតឆ្នាំ២០១៤ពាក់ស្លាកលេខព្រះវិហារ1B7299។បណ្តាលឱ្យផ្ទុះឆេះអស់ខូចខាតទាំងស្រុងនិងឱ្យមនុស្សពីរនាក់រងរបួសធ្ងន់។
ប្រភពដដែលបានបន្តថាៈជនរងគ្រោះឈ្មោះវឿនវណ្ណាភេទប្រុសអាយុ១៧ឆ្នាំជាសិស្សនៅភូមិភារកិច្ចសង្កាត់ប៉ាលហាលក្រុងព្រះវិហាររងរបួសធ្ងន់។ម្នាក់ទៀតឈ្មោះវនមីនាភេទប្រុសអាយុ១៨ឆ្នាំជាសិស្សនៅភូមិប្រមេរឃុំប្រមេរស្រុកត្បែងមានជ័យរងរបួសធ្ងន់។
មន្ត្រីនគរបាលបានឱ្យដឹងទៀតថាៈសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវរកអត្តសញ្ញាណអ្នកប្រព្រឹត្តដែលបានបើករថយន្តបង្កការគ្រោះថ្នាក់ដល់អ្នកដទៃហើយមិននៅទទួលខុសត្រូវដើម្បីនាំខ្លួនមកដោះស្រាយតាមច្បាប់៕